ក្រុមហ៊ុន អាលីបាបា គ្រុប ធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋា ភិបាលកម្ពុជា ក្នុងការនាំយកផលិតផលខ្មែរមកលក់លើទីផ្សារ ប្រទេសចិន តាមរយៈ App Lazada របស់ អាលីបាបា គ្រុប
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជម្រុញចលនាភូមិ១ផលិតផល១ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន អាលីបាបា គ្រុប របស់ប្រទេសចិន តាមប្រព័ន្ឋ Zoom នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម បួន សារៈមុន្នី រដ្ឋលេខាធិការ តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោក សុង ជីនថាវ អគ្គលេខាធិការនៃវេទិកាពាណិជ្ជកម្មសកលតាមប្រព័ន្ឋអេឡិចត្រូនិច (EWTP) នៃក្រុមហ៊ុន អាលីបាបា គ្រុប បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជម្រុញភូមិ១ផលិតផល១ ដែលបានគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន អាលីបាបា គ្រុប ជាមួយស្ថាប័ននានារបស់កម្ពុជា។ លោកបន្តថា កិច្ចប្រជុំថ្ងៃនេះ គឺជាការចាប់ផ្តើមនៃកិច្ចសហការរវាង អាលីបាបា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកផលិតផលខ្មែរមកលក់លើទីផ្សារនៅប្រទេសចិន ហើយសង្ឃឹមថា គណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ នឹងដាក់លក់ផលិតផលខ្មែរ ក្នុង App Lazada របស់អាលីបាបា ផងដែរ។
លោកបន្ថែមថា អ្នកលក់ និងអ្នកទិញត្រូវតែមានភាពស្មោះត្រង់ ពោលគឺ ទំនិញត្រូវតែមានគុណភាព តម្លៃត្រឹមត្រូវ រយៈពេលនៃការផ្គត់ផ្គង់មានភាពឆាប់រហ័ស និងគិតគូពីបរិស្ថានបៃតង។
ឯកឧត្តម បួន សារៈមុន្នី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ គឺជាថ្ងៃចាប់ផ្តើមអនុវត្តនូវពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន។ ដូចនេះ កិច្ចសហប្រតិបត្តិការរវាងរាជ រដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនអាលីបាបា គឺជាឱកាសល្អសម្រាប់កសិករ ផលិតករ ពាណិជ្ជករ ក្នុងការនាំយកផលិតផលខ្មែរទៅលក់ឲ្យដល់ដៃអ្នកប្រើប្រាស់នៅប្រទេសចិនដោយផ្ទាល់ ដោយប្រើរយៈពេលខ្លី។ ឯកឧត្តមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លូនជាស្រេចក្នុងការសម្របសម្រួល និងសហការជាមួយក្រុមហ៊ុន អាលីបាបា គ្រុប។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី សូមស្វាគមន៍ការចូលរួមរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន អាលីបាបា គ្រុប និងអគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយ ដែលបានផ្តួចផ្តើមឱ្យមានកិច្ចប្រជុំថ្ងៃនេះ ក្នុងការនាំយកផលិតផលខ្មែរ ទៅលក់នៅទីផ្សារបរទេស ជាពិសេសទីផ្សារក្នុងប្រទេសចិន តាមច្រកបច្ចេកវិទ្យារបស់អាលីបាបា គ្រុប។ ឯកឧត្តម បន្តថា ថ្មីៗនេះ កម្ពុជា ក៏ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលមានសមាជិកចំនួន ១៥ប្រទេស។ ទន្ទឹមនោះ កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយនឹងប្រទេសចិនផងដែរ សម្រាប់ទីផ្សារលក់ផលិតផលខ្មែរ។ ដូចនេះ តាមរយៈការស្នើទ្បើងរបស់ អាលីបាបា គ្រុប ដែលចង់ឱ្យមានកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា លើវិស័យនានាជាច្រើន រួមទាំងផលិតផលជាសេវាកម្មទេសចរណ៍ សិប្បកម្ម កសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា និង SME , រាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រនូវគំនិតផ្តួចផ្តើមនេះ។
ឯកឧត្តម បញ្ជាក់ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ មានក្រសួង និងស្ថា ប័នពាក់ព័ន្ធចំនួន១៧ ដែលជាសមាជិក ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏សូមស្វាគមន៏ចំពោះការផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមហ៊ុន អាលីបាបា គ្រុប ដល់កម្ពុជាតាមពេលវេលាសមស្របណាមួយផងដែរ៕