អ្នកនាំពាក្យ គ.ជ.ប. ឆ្លើយតបទៅនឹងការស្នើសុំរបស់គណបក្សនយោបាយចំនួនប្រាំមួយ
ភ្នំពេញៈអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានឆ្លើយតបទៅនឹងការទាមទាររបស់គណបក្សនយោបាយចំនួនប្រាំមួយដែលឲ្យ គ.ជ.ប. រក្សាទុកទម្រង់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់ ១១០២)និងឱ្យ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតមានភារកិច្ចចាត់ចែងចែកទម្រង់១១០២ជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាននៅការិយាល័យរាប់សន្លឹកឆ្នោតដូចទៅនឹងការបោះឆ្នោតមុនៗគឺជាសិទ្ធិនៅក្នុងការបញ្ចេញមតិរបស់ពួកគាត់ ក៏ប៉ុន្តែយ៉ាងណាក៏ដោយនៅក្នុងយន្តការងារ និងនៅក្នុងលំហូរនៃដំណើរការអនុវត្តការងាររបស់ គ.ជ.ប.គឺធ្វើឲ្យមាន ប្រសិទ្ធភាពការងារ និងតម្លាភាពការងារ និងធ្វើឲ្យមានភាពត្រឹមត្រូវនៅក្នុងកិច្ចដំណើរការផង។
គណបក្សនយោបាយចំនួនប្រាំមួយនេះមាន៖ គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា គណបក្សកម្លាំង ប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សបំណងពលរដ្ឋ និងគណបក្សភ្លើងទៀន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានចេញញត្តិរួមមួយទាមទារឱ្យគ.ជ.ប. រក្សាទុកទម្រង់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ឬហៅថាទម្រង់១១០២ និងឱ្យគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតមានភារកិច្ចចាត់ចែងចែកទម្រង់១១០២ ជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាននៅការិយាល័យរាប់សន្លឹកឆ្នោតដូចទៅនឹងការបោះឆ្នោតមុនៗ។

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ប្រាប់ AMSនៅល្ងាច ថ្ងៃទី២៨ ខែមករានេះថា ទិន្នន័យដែលមាននៅក្នុងទម្រង់ ១១០២ ដែលនៅក្នុងនោះគណបក្សនយោបាយចំនួន ប្រាំមួយបានស្នើសុំឲ្យមានដាក់មកវិញ នូវសន្លឹកឆ្នោតមិនបានប្រើ សន្លឹកឆ្នោតខូច សន្លឹកឆ្នោតដែលបានទទួល។ ទិន្នន័យសន្លឹកឆ្នោតដែលបានទទួល សន្លឹកឆ្នោតមិនបានប្រើ សន្លឹកឆ្នោតខូច គឺមានបញ្ជាក់នៅក្នុងកំណត់ហេតុ នៃការបោះឆ្នោត។នៅក្នុងកំណត់ហេតុនៃការបោះឆ្នោតគឺគេរាប់រាល់សន្លឹកឆ្នោតទាំងឡាយដែលមិនត្រូវបានបោះទៅក្នុងហិបឆ្នោត។នៅពេលបោះឆ្នោតចប់គេចាប់ផ្តើមផ្ទៀងផ្ទាត់និងធ្វើកំណត់ហេតុនៃការបោះឆ្នោតដោយនៅក្នុងកំណត់ហេតុនៃ ការបោះឆ្នោតនោះ គឺមានដាក់បញ្ចូលនៅតួលេខចំនួនសន្លឹកឆ្នោតដែលបានទទួលសរុប សន្លឹកឆ្នោតដែលមិនបានប្រើ រួមនឹងសន្លឹកឆ្នោតខូច នោះមានន័យថា សន្លឹកឆ្នោតទាំងនោះមិនមាន នៅក្នុង ហិបឆ្នោតនោះទេ។
ឯកឧត្តមបន្តថា បន្ទាប់ពីការរាប់សន្លឹកឆ្នោត គឺកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ១១០២ ត្រូវបានកត់ត្រានៅចំនួន សន្លឹកឆ្នោត ដែលមាននៅក្នុងហិបឆ្នោត ហើយចំនួនសន្លឹកឆ្នោត ដែលមាននៅក្នុងហិបឆ្នោតគឺប្រភេទសន្លឹកឆ្នោតបានការ និងមិនបានការ ឬរបស់ផ្សេង ទៀត ដែលមិនមែនជាសន្លឹកឆ្នោត។ ដូច្នេះសម្រាប់ ១១០២កំណត់ហេតុនៃការរាប់សន្លឹក ឆ្នោតនេះ គ.ជ.ប. មិនចុះតួលេខសន្លឹកឆ្នោតដែល បានរៀបរាប់ នៅក្នុងកំណត់ហេតុនៃការបោះឆ្នោត ហើយនោះទេ។
អ្នកនាំពាក្យ គ.ជ.ប. បានបញ្ជាក់ថា “ទិន្នន័យសន្លឹកឆ្នោតដែលបានទទួល សន្លឹកឆ្នោតមិនបានប្រើ និងសន្លឹកឆ្នោតខូច មានកត់ត្រាច្បាស់លាស់នៅក្នុងកំណត់ហេតុនៃការបោះឆ្នោតដែលកំណត់ហេតុនេះត្រូវបានចុះហត្ថលេខាជាសាក្សីរបស់ភ្នាក់ងារគណបក្សនយោបាយ។ ដូច្នេះគ្មានអីដែលលាក់លៀមនោះទេ។ ចំណែកឯកំណត់ហេតិ ១១០២គឺកត់ត្រាតែចំនួន សន្លឹកឆ្នោតដែលមាននៅក្នុងហិបដែលមានពីរប្រភេទគឺសន្លឹកឆ្នោតបានការនិងមិនបានការ។ទន្ទឹមនឹងរាប់ចំនួនសន្លឹកឆ្នោតដែល មាននៅក្នុងហិបហើយ ទើបកំណត់ហេតុ ១១០២ រាប់ចំនួនសន្លឹកឆ្នោតដែលគណបក្សនយោបាយនិនួយៗ នឹងទទួលបានក្នុងពេលបោះឆ្នោត។ ប្រសិនជាគណបក្ស ១០ ឈរឈ្មោះបោះឆ្នោតនៅក្នុងមណ្ឌលបោះឆ្នោតមួយ គឺ១១០២ កត់ត្រាថា តើគណបក្សនិមួយៗ ទទួលបានសម្លេងឆ្នោតគាំទ្រប៉ុន្មាន?។ដូច្នេះភាពចាំបាច់ដើម្បីសរសេរ ឡើងវិញនៅចំនួនសន្លឹកឆ្នោតដែលទទួលបានសរុប ដែលមិនបានប្រើ សន្លឹកឆ្នោតដែលខូចដែលបានចុះរួចហើយនៅ ក្នុងកំណត់ហេតុ នៃការបោះឆ្នោត នោះគឺជាការមិនចាំបាច់ទេ ជាករណីមិនចាំបាច់ទេ អាចធ្វើឲ្យមានការភ័ន្តច្រឡំ”។
ឯកឧត្តម សោម សូរីដា បានបន្តថា ទាក់ទងមន្ត្រីការិយាល័យបោះឆ្នោតទទួលការបណ្តុះបណ្តាលតែមួយថ្ងៃទេហើយនឹង ចាប់ផ្តើមប្រតិបត្តិការបោះឆ្នោតមួយថ្ងៃ ហើយមួយថ្ងៃនៃដំណើរការបោះឆ្នោតដោយមន្ត្រីការិយាល័យបោះឆ្នោត ប្រាំមួយនាក់នេះ គឺចាប់ផ្តើមពីម៉ោង ៦ព្រឹក រហូតដល់បញ្ចប់ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការវេបខ្ចប់សម្ភារឯកសារ បោះឆ្នោត បញ្ជូនទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។
លោកបានបញ្ជាក់ថា អ្វីដែលជាការលើកឡើងរបស់គណបក្សនយោបាយទាំងប្រាំមួយ ហាក់ដូចជាអត់បានធ្វើអ្វីសោះសម្រាប់ភ្នាក់ងាររបស់ខ្លួនដែលចូលរួម ឬក៏ចាត់ឲ្យទៅតាមដានសង្កេតមើលដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត។ ជាទូទៅភ្នាក់ងារគណបក្សនយោបាយត្រូវតែទទួលបានការបណ្តុះបណ្តាលពីគណបក្សនយោបាយអំពីការចុះទៅតាមដានត្រួតពិនិត្យដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត។ តើភ្នាក់ងារគណបក្សនយោបាយទៅការិយាល័យបោះឆ្នោតដើម្បីអី? គឺទៅតាមដានពិនិត្យមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត គាត់ទៅជាប់ជាមួយនឹងខ្លួននៅសម្ភារ បរិក្ខា សម្រាប់កត់ត្រាពីដំណើរការទូទៅ ពីព្រឹត្តការណ៍ ជាពិសេសលទ្ធផលនៃការបោះឆ្នោត ហើយអ្វីដែលគាត់កត់ត្រា គឺដើម្បីផ្ទៀងផ្ទាត់ជាមួយនិងលទ្ធផលដែលគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតផលិតឡើង ឬក៏បង្កើតបាន។ ហើយបើគាត់ចាំតែយកលទ្ធផលពីគណៈកម្មការការិយាល័យបោះឆ្នោតដដែលសួរថា តើគាត់មានអីទៅផ្ទៀងផ្ទាត់ជាមួយគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ផ្ទៀងផ្ទាត់ដើម្បីធ្វើជាសាក្សីចុះហត្ថលេខាទៅលើកំណត់ហេតុនៃការបោះឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត។
អ្នកនាំពាក្យ គ.ជ.ប. បានបញ្ជាក់ថា ការទាមទាររបស់គណបក្សនយោបាយទាំងប្រាំមួយនេះ គឺជាសិទ្ធិនៅក្នុងការបញ្ចេញមតិរបស់ពួកគាត់ ក៏ប៉ុន្តែយ៉ាងណាក៏ដោយនៅក្នុងយន្តការងារ និងនៅក្នុងរំហូរនៃដំណើរការអនុវត្តការងាររបស់ គ.ជ.ប. គឺធ្វើឲ្យមានប្រសិទ្ធភាពការងារ និងតម្លាភាពការងារ និងធ្វើឲ្យមានភាពត្រឹមត្រូវនៅក្នុងកិច្ចដំណើរការផង៕ ដោយៈ ពលជ័យ