ប្រជាសហគមន៍អេកូធម្មជាតិ ចំបក់ក្រៅពីអាស្រ័យផលចំការ អនុផលព្រៃឈើ ខ្លះងាកមកបម្រើសេវាកម្មទេសចរណ៍

ខេត្តកំពង់ស្ពឺ​៖​ប្រជា​សហគមន៍​តំបន់​ការពារ និង​អេកូ​ធម្មជាតិ ចំបក់ ជា​រមណីយដ្ឋាន​ធម្មជាតិ​ទាក់ទាញ​មួយ​ក្នុង​ខេត្ត កំពង់ស្ពឺ ក្រៅពីរ​បរជា​បង្គោល​ធ្វើ​ចំការ រក​អនុផល​ព្រៃឈើ និង​មួយចំនួន​បាន​ងាក​មក​បម្រើ​លើ​សេវា​ទេសចរណ៍​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​


គួរ​បញ្ជាក់ថា​រមណីយ​ដ្ឋា​ន ចំបក់ ស្ថិតក្នុង​ទឹកដី ភូមិ​ចំបក់ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ជាប់​ព្រំដែន​ឧទ្យាន​ជាតិ​គិរី​រម្យ​។
លោក ទូច ម៉ក់ ប្រធាន​សហគមន៍​តំបន់​ការពារ​និង​អេកូ​ទេសចរណ៍ ឃុំ​ចំបក់ ស្រុក ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា​សហគមន៍​នេះ​បាន បង្កើតឡើង​នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០០៣​។ អ្វី​ដែលជា​ភាព​ទាក់ទាញ​ខ្លាំង គឺ​ទឹកធ្លាក់ ទេសភាព​ព្រៃភ្នំ ជាដើម​។ ទឹកធ្លាក់​មាន​ច្រើន​កន្លែង​រាប់​ពី​ទីមួយ​រហូត​ដល់ទី​ប្រាំពី​កន្លែង និង​ក្រៅពីនេះ​ជា​តំបន់​ទេសភាព កន្លែង​ខ្លះ ដូចជា​ថ្ម​អំពិល ល្អាង​ប្រជៀវ សុទ្ធតែ​ទេសភាព​ស្អាត​គ្មាន​គូ​ប្រៀប​។​
លោ​កថា​នៅក្នុង​ផ្ទៃដី​របស់​សហគមន៍​គ្រប់គ្រង​រាល់ថ្ងៃ​គឺមាន ៣៤៥១ ហិច​តា ហើយ​នៅ​ក្នុងនេះ​មាន​៦៣៧ គ្រួសារ​ចងក្រង​ជា​សមាជិក​នៅក្នុង​សហគមន៍​។​


លោក​បានបញ្ជាក់​បន្ថែម​ថា​នៅក្នុង​សេវាកម្ម​ដែលជា​ផលិតផល​ទេសចរណ៍​សហគមន៍​មានដូចជា​ផ្ទះសំណាក់​តាម​សហគមន៍ មាន​ផ្នែក​របាំ មាន​ផ្នែក​ដឹក​ភ្ញៀវ​ទាំង​គោយន្ត រទេះគោ​និង​ម៉ូតូ​ជាដើម ។​មួយទៀត​គឺ​ផ្នែក​ភ្ញៀវ ហើយ​អ្វីដែល​សំខាន់​សហគមន៍​បាន​ទាញយក​ពី​ភ្ញៀវ​ដែល​មកដល់​សហគមន៍​រៀបចំ​ជា​កញ្ចប់​សេវា ។​


លោក បាន​ឲ្យ​ដឹង​បន្ថែមថា “​ដើម្បី​ឲ្យ​ប្រជា​សហគមន៍​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​យើង​បាន​បង្រៀន ការដុត​ក្រឡាន​ពីព្រោះថា​ងាយ​រក​ចំណូល បង្រៀន​ចាក់​កងដៃ ពី​របស់​ធម្មជាតិ​ឬ​បង្រៀន​ពី​ការកែច្នៃ​របស់​ផ្សេងៗ​ទៀត​ដែល​អាច​រក​ចំណូល​ពី​ការលក់​ជូន​ដល់​ភ្ញៀវទេសចរ “​។


លោក ឃិន ម៉េង​ឃាង ប្រធាន​គ្រប់គ្រង​គម្រោង និង​ជា​ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​ក្នុងពេល​ដឹកនាំ ប្រតិភូ​ទស្សនៈកិច្ច​ស្វែងយល់​អំពី​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ធម្មជាតិ នៅ​ខេត្តកំពង់ស្ពឺ និង​កោះកុង​រយៈពេល ៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២២​បានឱ្យដឹងថា​”​កម្ពុជា​យើង​បាន​បើក​ប្រទេស​ឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ​១៩ សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​ក៏ដូចជា​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។ ក្រសួងបរិស្ថាន​យើង​មាន​តំបន់ការពារធម្មជាតិ​ច្រើន ហើយ​ផ្ទៃដី​ក៏​ធំ វិសាលភាព​ក៏​ធំ គ្រប់​ទីកន្លែង យើង​ធ្វើ​យ៉ាងម៉េច​ជម្រុញ​ការអភិវឌ្ឍន៍​ផែនការ​យុទ្ធសាស្ដ្រ នៅក្នុង​ការស្ដារ​ទេសច​រណ៍​ឡើងវិញ ក៏ដូចជា​ការអភិរក្ស​តំបន់​ធនធានធម្មជាតិ​”​។​


លោ​កថា​សហគមន៍​ចំបក់​នេះ បាន​បង្កើតឡើង​ដោយមាន​ការគាំទ្រ​ពី​ក្រសួងបរិស្ថាន ហើយ​បានទទួល​ស្គាល់​តាំងពី​ឆ្នាំ​២០០៣​មកម្ល៉េះ​។​សហគមន៍​បានរៀបចំ​អេកូ​ទេសចរណ៍​ក្នុងនេះ​មាន​តាំងតែ​ពី​ការដឹកជញ្ជូន ទេសចរណ៍ របាំ សេវា​ម្ហូបអាហារ​ជាដើម​។​នេះ​វា ជា​ចំណុច​ពិសេស​សម្រាប់​សហគមន៍​។ បច្ចុប្បន្ននេះ គាត់​អាចមាន​សកម្មភាព​ផ្សេងៗ​ទៀត​ដូចជា ទឹកស្អាត​ក៏​គាត់​មាន​ដែរ អញ្ចឹង​អាចជួយ​សម្រាល​ជីវភាព ដែលមាន​៦ ភូមិ មាន​ជាង​៦០០ គ្រួសារ​ក្នុង​ទីកន្លែង​នេះ​៕ដោយ៖ម៉ាដេប៉ូ


ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner