ការទុកដាក់សម្រាមនៅតែជាបញ្ហា ខណៈអាជ្ញាធរខណ្ឌចំការមន ណែរនាំដល់ពលរដ្ឋ បញ្ចេញសម្រាមឱ្យត្រូវតាមម៉ោងពេលកំណត់
ភ្នំពេញ៖ ការទុកដាក់សម្រាមនៅតែជាបញ្ហា ក្នុងការបញ្ចេញសម្រាមឱ្យត្រូវតាមម៉ោងពេលកំណត់ ។ នេះជាការបញ្ជាក់របស់ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ និងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ក្នុងពិធីចែកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ខដែលមានជីវភាពខ្វះខាត និងជនចាស់ជរា សង្កាត់ទួលទំពូងទី២ ចំនួន ៥០គ្រួសារ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។
លោកអភិបាលខណ្ឌ បានលើកឡើងពីបញ្ហាទុកដាក់សម្រាម ដែលបងប្អូនប្រជាពលរដ្ឋមួយចំនួននៅមិនទាន់មានការយល់ដឹងពីការបញ្ចេញសម្រាមឱ្យបានត្រឹមត្រូវតាមពេលវេលា ខណៈក្រុមហ៊ុនប្រមូលសម្រាមបច្ចុប្បន្នដែលមាន៣ក្រុមហ៊ុន កំពុងអនុវត្តន៍ការងារប្រមូលសម្រាមក្នុងរាជធានីភ្នំពេញ បានល្អប្រសើរហើយនោះ។ ជាមួយនេះ លោកអភិបាលខណ្ឌ ក៏បានជំរុញដល់អាជ្ញាធរសង្កាត់ បន្តអប់រំ និងណែរនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យពួកគាត់បានយល់ដឹងពីការបញ្ចេញសម្រាមនេះ ។
លោកប្រធានគណៈកម្មាធិការអនុសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយត្ន័ដោយបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣ កុំ ដេីម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេស វីរូសបំប្លែងថ្មី អូមីក្រុង ។
លោក ថេង សុថុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ក៏ដូចជា បញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ ជាពិសេស នៅថ្ងៃសែនបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ខាងមុខនេះ ។
សូមជម្រាបថា អំណោយដែលចែកជូននាពេលនេះរួមមាន៖ អង្ករ , មី , ទឹកត្រី , ទឹកស៊ីអ៉ីវ , ម៉ាស និងថវិកា មួយចំនួន ៕ ដោយ វណ្ណលុក