សម្ដេចក្រឡាហោម ស ខេង ៖ ការលើកកម្ពស់ឧត្តមគតិស្នេហាជាតិដ៏បរិសុទ្ធ គឺជាចំណុចសំខាន់បំផុតរបស់យុវជន
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានមានប្រសាសន៍បញ្ជាក់ថា ការលើកកម្ពស់ឧត្តមគតិស្នេហាជាតិដ៏បរិសុទ្ធ គឺជាចំណុចសំខាន់បំផុតរបស់យុវជន ក្នុងនោះក៏រួមទាំងការតម្កល់ផលប្រយោជន៍ជាតិជាធំ។ ក្នុងនាមជាយុវជនគណបក្ស គឺត្រូវគោរពប្រតិបត្តិឱ្យបានល្អតាមរដ្ឋធម្មនុញ្ញ គោរពអនុវត្តឱ្យបាននូវគោលនយោបាយគណបក្ស ជាមួយគ្នានេះ ត្រូវចេះក្ដាប់ឱ្យបាននូវស្ថានការណ៍ប្រែប្រួលទាំងឡាយដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន។
ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ លើកទិសដៅឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ប្រារព្ធនៅមន្ទីរគណបក្សខេត្តព្រៃវែង នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២នេះ។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា យុវជនត្រូវតែមានការហាត់ពត់លត់ដំទាំងចំណេះដឹង និងសីលធម៌។ សម្ដេចបន្តថាការរៀនសូត្រក្នុងន័យសម្រាប់ក្រុមយុវជនគណបក្ស គឺការរៀនសូត្រអំពីជីវភាពប្រជាពលរដ្ឋ ដើម្បីដុសខាត់សមត្ថភាពឱ្យចេះដោះស្រាយបញ្ហាប្រឈមទាំងឡាយ រួមទាំងការហ៊ានជម្នះឧបសគ្គដើម្បីមានឱកាសទទួលបានបទពិសោធន៍។ សម្ដេចក្រឡាហោមបានបន្ថែមថា ការសិក្សារៀនសូត្រដែលលទ្ធផលចុងក្រោយបញ្ជាក់អំពីកម្រិតតាមរយៈសញ្ញាបត្រគឺជារឿងល្អប្រសើរមួយហើយក៏ប៉ុន្តែការប្រតិបត្តិជាក់ស្ដែង គឺជាកិច្ចការចាំបាច់ដែលត្រូវតែដើរទន្ទឹមគ្នា។
សម្ដេចក្រឡាហោមក៏បានណែនាំឱ្យក្រុមការងារយុវជនគណបក្សបន្តខិតខំរក្សាសាមគ្គីភាព កុំមើលបំណាំ និងច្រណែនគ្នាផ្ទុយទៅវិញត្រូវចេះជួយត្រេកអរ និងកែលម្អគ្នា។ សម្ដេចក៏បានផ្ដល់ទស្សនទានអំពីពាក្យ បញ្ចូល បញ្ចេះ បញ្ជា បញ្ជោរ និងបញ្ចប់។បញ្ចូលគឺអាចសំដៅដល់ការរៀបចំឱ្យចូលមកបំពេញភារកិច្ច បន្ទាប់មកបញ្ចេះ គឺបង្រៀនអ្នកដែលចូលមកនោះឱ្យចេះបំពេញភារកិច្ចចំណែកបញ្ជា គឺណែនាំឱ្យបំពេញភារកិច្ច ហើយបញ្ជោរ គឺការលើកទឹកចិត្ត ខណៈបញ្ចប់ គឺសំដៅដល់ការរៀបចំឱ្យចូលនិវត្តន៍ ឬដាក់វិន័យ បន្ទាប់ពីបញ្ចប់ភារកិច្ច ឬប្រសិនបើមានកំហុស។
សម្ដេចក្រឡាហោមបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថា ក្រុមការងារយុវជនគណបក្សខេត្ត នឹងខិតខំធ្វើឱ្យសម្រេចបាននូវវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងការងារបម្រើជាតិ និងប្រជាជន ដែលសន្និបាតបានដាក់ចេញ។ បន្ទាប់មកសម្ដេចក៏បានអញ្ជើញប្រគល់ថវិកាជូនក្រុមការងារយុវជនគណបក្សខេត្ត និងផ្ដល់ជូនប័ណ្ណសរសើរដល់ថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង។
សម្ដចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែងសម្រាប់កិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការកសាងកម្លាំងយុវជនគណបក្ស និងការរួមចំណែកដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ដែលជាការចូលរួមធ្វើឱ្យសម្រេចបាននូវកិច្ចការបម្រើជាតិ និងប្រជាជន របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ទៅកាន់អង្គសន្និបាតអំពីសារៈសំខាន់នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ពិសេសការធ្វើឱ្យថ្នាក់មូលដ្ឋានមានឱកាស និងសិទ្ធិក្នុងការដឹកនាំ និងសម្រេចកិច្ចការមូលដ្ឋានរបស់ខ្លួន។ ភ្ជាប់ជាមួយគ្នានេះ សម្ដេចបានបន្តបញ្ជាក់អំពីការរៀបចំរួលរាល់នូវបេក្ខជនឈរឈ្មោះ និងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃជ័យជម្នះសម្រាប់ការបោះឆ្នោតខាងមុខ៕
ដោយ:ពលជ័យ



