ថ្មលយតំបន់ទេសចរណ៍ជាទីទាក់ទាញបែបធម្មជាតិនៅ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ

ខេត្តកំពង់ស្ពឺ​៖​ថ្ម​លយ​គឺជា​គោលដៅ​ទេសចរណ៍​មួយកន្លែង​នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គិរី​រម្យ ដែលមាន​ថ្មដុះ​ធម្មជាតិ មាន​ទេសភាព​ព្រៃឈើ​ធម្មជាតិ​និង​សត្វព្រៃ​ដែល​ជាទី ទាក់ទាញ​ទេសចរណ៍​។


ទីកន្លែង​ទេសចរណ៍​មួយកន្លែង​នេះ​ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ បើ​អ្នកទេសចរ​ចង់​ធ្វើដំណើរ​ទៅកាន់​កន្លែង​នេះ ត្រូវធ្វើ​ដំណើរ​ចេញពី​រង្វង់​មូល​នាគព័ន្ធ ឆ្លងកាត់​ព្រៃ​ស្រល់​ដ៏​ស្រស់ស្អាត​ជាច្រើន​កន្លែង​ដែល​ប្រកបដោយ​ទេសភាព​ព្រៃឈើ​គួរ​ជាទី​មនោ​រម្យ​។​


បើ​នៅ​ខែវស្សា​ផ្លូវ​ពិបាក​ចេញចូល​គេ​អាចធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​ដោយមាន​រយៈ​ចម្ងាយ​ជិត​៥​គីឡូម៉ែត្រ តែបើ​ខែប្រាំង​គេ​អាចធ្វើ​ដំណើរ​តាមរយៈ​ម៉ូតូ ឬ​រថយន្តចូលត​ជិត​ដល់ទី​កន្លែង​នេះ​តែម្តង​។​
នៅ​តំបន់​ថ្ម​លយ មាន​ផ្ទាំង​ថ្ម​ធំៗ​ដុះ​លយ​ចេញទៅ​មាត់ជ្រោះ​ដែល​អ្នកទេសចរ​អាច​ឈរ​កម្សាន្ត​ឬ​ថតរូប​ទេសភាព​ព្រៃភ្នំ​ដ៏​ស្រស់ស្អាត​ពី​ទីកន្លែង​នេះ​បាន​យ៉ាង​សប្បាយរីករាយ​។​នៅ​ទីកន្លែង​នេះ​គឺជា​ប់ នឹង​មាត់ជ្រោះ ហើយក៏​ជាប់​នឹង​ជ្រលង​ភ្នំដែរ ។ កាលបើ​គេ​ឈើ​លើ​ថ្ម​លយ​នេះ យើង​នឹង​បានឃើញ​ទិដ្ឋភាព​ដ៏​ប្លែក​ភ្នែក នឹង គួរអោយ​ស្ញើប​ណាស់​ផង​។​


អ្នកទេសចរ​នៅពេល​ឈរ​ក្បែរ​ថ្ម​លយ​តំបន់​នេះ​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ដែរ​ពីព្រោះថា​វា​មាន​កម្ពស់​ខ្ពស់​ពីលើ​កំពូលភ្នំ​ទៅ​ក្រោម​មាន​រយៈ​ចម្ងាយ​ប្រហែល​ជិត​១៥០​ម៉ែត្រ​។​
លោក ឃិន​ម៉េង ឃាង ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​ក្រសួងបរិស្ថាន បានឱ្យដឹង​ក្នុងខណៈពេល​ដឹកនាំ ប្រតិភូ​ទស្សនៈកិច្ច​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​អំពី​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ធម្មជាតិ នៅ​ខេត្តកំពង់ស្ពឺ និង​កោះកុង​រយៈពេល ៤​ថ្ងៃ​កាលពី​ថ្មីៗ​មកនេះ​បានឱ្យដឹងថា​នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គិរី​រម្យ​នេះ​មាន​តំបន់​ទាក់ទាញ​ដែលជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ច្រើន​កន្លែង​ណាស់​។​សម្រាប់​ចំណុច​សំខាន់​នៅក្នុង​ឧទ្យាន​ជាតិ​មួយកន្លែង​នេះ​មាន​ព្រៃស្រោង មាន​ភ្នំ​ខ្ពស់ៗ​ដោយ​កន្លែង​ខ្លះ​មាន​កម្ពស់​រហូតដល់​៧០០​ម៉ែត្រ ។​មាន​ព្រៃឈើ​ដែល​ផ្តល់​ភាព​ត្រជាក់​សម្រាប់​កន្លែង​ទេសចរណ៍ មាន​អេកូ​ទេសចរណ៍ ។​ក្រៅពី​តំបន់​ព្រៃស្រោង​ក៏​នៅមាន​តំបន់​គួរ​ជាទី​ទាក់ទាញ​ច្រើន​កន្លែង​ទៀត​ដូចជា​តំបន់​ថ្ម​លយ​នេះ​គឺជា​ទីកន្លែង​ទេសចរណ៍​ថ្មដុះ​បែប​ធម្មជាតិ ។​ទីនេះ​មាន​ទេសភាព​ស្រស់ស្អាត មាន​ព្រៃស្តុក មាន​អាកាសធាតុ​ត្រជាក់ ហើយ​នៅ​ទីកន្លែង​នេះ​ក៏មាន​សត្វព្រៃ ពិសេស​សត្វ​រមាំង សត្វ​កេងកង ជាដើម​។​


លោក ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​ក្រសួងបរិស្ថាន បានឱ្យដឹង​ដែរ​ថា​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គិរី​រម្យ​នៅមាន​ទឹកធ្លាក់ ដែលជា​គោលដៅ​វិនិយោគឯកជន និង​កាលពី​ថ្មីៗ​មកនេះ​ក៏មាន​ការស្នើសុំ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច ដែលមាន​ទំហំ​ដី​ក្រោម​១០ ហិកតា ហើយ​ពេលនេះ​កំពុង​បំពេញ​នីតិវិធី​ច្បាប់​ដើម្បី​អនុវត្ត​គម្រោង​។​


លោក​បានបញ្ជាក់​បន្ថែម​ថា​ភ្ញៀវទេសចរ​អាចមក​កម្សាន្ត​បែប​លំហែកាយ ដូចជា ជិះ​កង់ ដើរ​ព្រៃ និង​បោះតង់​ជា​លក្ខណៈ​គ្រួសារ​។​ក្រៅពីនេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្រៅពី​មាន​តូ​នាទី​កិច្ចការពារ​ព្រៃឈើ​និង​សត្វ​ហើយ​គាត់​ក៏​អាច​ជូន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត ហើយ​តា​ត់​ក៏​អា​រកប្រាក់​ចំណូល​តាមរ​យៈ​នេះ​ផងដែរ​៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner