ប្រជាពលរដ្ឋមានសិទ្ឋិសេរីភាពពេញលេញគោរពជំនឿសាសនានិងកសាងសុភមង្គលក្នុងសង្គមគ្រួសារ និងប្រទេសជាតិរឹងមាំ
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ជាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ដែលប្រជាពលរដ្ឋ ដែលជាសែស្រឡាយកាត់ជនជាតិចិន បានរៀបចំពីអបអរសាទរឆ្នាំនេះតាមគេហដ្ឋានរៀងៗខ្លួន។ ជាមួយគ្នានេះប្រជាពលរដ្ឋខ្មែរក៏មានឱកាសសប្បាយរីករាយជួបជុំគ្រួសារ និងបានធ្វើដំណើរកម្សាន្តសប្បាយនៅតាមរមណីយដ្ឋាននានាមិនខានឡើយ។ មានការកត់សម្គាល់ថា ឃើញមានទស្សនៈចំនួន៣កើតមានក្នុរយៈពេលនេះ៖
ទី១៖ ការជួបជុំគ្នារីករាយនៅក្នុងរដូវបុណ្យទៀននាពេលនេះ បានបង្ហាញឲ្យឃើញថាប្រពៃណីយនិងទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរទូទៅ តាំងពីយូរលង់ណាស់មកហើយ និងបានបន្តរហូតនាពេលបច្ចុប្បន្ន ដែលមានការគោរពដឹងគុណដល់អ្នកមានគុណទាំងឡាយ រួមមានមាតាបិតា ជីដូនជីតា គ្រូបាធ្យាយ និងចាស់ទុំទាំងឡាយ។ ការសែនព្រេន គោរពបូជា ទៀន ធូប នីងគ្រឿងសក្ការៈបូជាផ្សេងទៀត នៅតាមគេហដ្ឋាន និងកន្លែងគោរពបូជានានាជូនអ្នកមានគុណ គឺជាប្រពៃណីជំនឿសាសនារបស់ប្រជាពលរដ្ឋខ្មែរតាតាំងពីបុរាណកាល។ ប្រជាពលរដ្ឋខ្មែរតែងតែរៀបចំពិធីរំលឹកគុណដល់អ្នកមានគុណ ក្នុងរដូវបុណ្យទៀនផ្សេងៗ ដោយជឿថានឹងនាំមកនូវសុមង្គល សេចក្តីសុខដល់គ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។
ទី២៖នៅពេលមានរដូវបុណ្យទានកន្លងមកនេះ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានចំណាយពេលវេលារីករាយជាមួយក្រុមគ្រួសារនិងធ្វើដំណើរកម្សាន្តតាមតំបន់ទេសចរណ៍នានា ដែលជាការទទួលស្គាល់ពីសិទ្ធិសេរីភាពពេញលេញ និងបានចំណាយពេលវេលាយ៉ាងសំខាន់ក្នុងចូលរួមរីករាយជួបជុំគ្រួសាររៀងៗខ្លួន។ ការរីករាយជួបជុំគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសតាមគ្រួសារនីមួយៗ នាឱកាសនេះ បង្ហាញយ៉ាងច្បាស់លាស់ពីការកសាងសុភមង្គលក្នុងសង្គមគ្រួសារ និងសង្គមជាតិមួយដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ទី៣៖ ការគោរពប្រពៃណីជំនឿសាសនា ដោយសេរីនៅក្នុងសង្គមកម្ពុជា គឺជាការវិវត្តយ៉ាងសំខាន់នៃសង្គមសេដ្ឋកិច្ច វប្បធម៌ដ៏មានសក្តានុពលរបស់កម្ពុជាយើង ដែលរាជរដ្ឋាភិបាលកម្ពុជា កសាងសង្គមពហុវប្បធម៌ និងសុខដុមនីកម្មសាសនាមួយរឹងមាំ។ ពេលវេលានេះ ក៏បានឆ្លុះបងញ្ជាំងឲ្យឃើញបន្ថែមទៀតពីសង្គម ដែលប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃសុខសន្តិភាព ដែលក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ បងប្អូនប្រជាពលរដ្ឋមានសិទ្ឋិសេរីភាពគ្រប់យ៉ាងក្នុងការជ្រើសរើសនិងប្រតិបត្តិជំនឿសាសនា និងរៀបចំពិធីបុណ្យប្រពៃណីតូចធំ រួមទាំងពិធីបុណ្យចូលឆ្នាំនៃជនជាតិនីមួយៗទៅតាមជំនឿរៀងៗខ្លួនដោយសេរីផងដែរ។
ប្រជាពលរដ្ឋបានចងចាំផងដែរពីអតីតកាល។ កាលពីពីជំនាន់ប៉ុលពតប្រល័យពូជសាសន៍ (១៩៧៥ -១៩៧៩) គឺគ្មានពិធីបុណ្យសាសនាអ្វីទាំងអស់ ហើយពលរដ្ឋក៏គ្មានសិទ្ឋិសេរីភាពអ្វីដែរ គឺមានតែគេបង្ខំឲ្យធ្វើការទាំងយប់ទាំងថ្ងៃ រស់នៅបែកបាក់ព្រាត់ប្រាស់គ្រួសារ និងរង់ចាំតែសេចក្តីស្លាប់តែមួយមុខប៉ុណ្ណោះ។ ប្រជាជនស្លូតត្រង់ ត្រូវបានចោទថាជាខ្មាំងផងដែរ បើសិនជាមានសាច់ឈាមពណ៍សម្បុរ «ស» ថែមទៀតនោះ ។
បន្ទាប់ពីថ្ងៃរំដោះ៧ មករា ១៩៧៩ មកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាបានកសាងប្រទេស និងទទួលបានសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ព្រមជាមួយនឹងការពង្រឹងបានភាពសុខុដុមនៃសាសនាក្នុងសង្គម៕ ដោយ ខ្វៃ អាទិត្យា
