សមិទ្ធផលទាំងអស់ មិនមែនកើតឡើងដោយឯងៗនោះទេ គឺដោយសារមានការចូលរួមសាមគ្គីគ្នាទើបសម្រេចបាន
កំពង់ធំ ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានថ្លែងថា សមិទ្ធផលទាំងអស់មិនមែនកើតឡើងដោយឯងៗនោះទេត្រូវមានការចូលរួមសាមគ្គីគ្នា ។ លោកជំទាវបានថ្លែងយ៉ាងដូច្នេះក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ និងបញ្ចុះបឋមសិលាកសាងកុដិថ្មីនៅវត្តឥន្ទនិមិត្ត ហៅវត្តត្បែង ស្ថិតនៅភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកជំទាវ ឃួន ឃុនឌី បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី សប្បុរសជន និងប្រជាពលរដ្ឋដែលបានខិតខំជ្រោមជ្រែងសហការសាមគ្គីគ្នាកសាងសមិទ្ធផលដ៏ច្រើនក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
លោកជំទាវបន្តថាវិស័យយពុទ្ធចក្រនិងអាណាចក្រត្រូវពឹងផ្អែកលើកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមចាំបាច់ជាចម្បង ដែលមិនអាចខ្វះបាន ជាក់ស្តែងសមិទ្ធិផលនានាមានតម្លៃរាប់សិបម៉ឺនដុល្លារអាមេរិក ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឲ្យឃើញស្រាប់។
លោកកជំទាវបានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវអប់រំកូនឲ្យជៀសឆ្ងាយពីគ្រឿងញៀន ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ សូមចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នានិងចូលរួមទប់ស្កាត់នូវជម្ងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
គួរបញ្ជាក់ថា កុដិថ្មី ដែលចាប់ផ្តើមកសាងនេះ មានទំហំ ១៣ម៉ែត្រX៩ម៉ែត្រកម្ពស់ពីជាន់ ។ លោកកជំទាវ បានចូលរួមបច្ច័យកសាងនូវទឹកប្រាក់ ១៤លានរៀល ចែកអំណោយដល់អ្នកចូលរួមចំនួន ២៦៦នាក់ ក្នុងម្មាក់ៗទទួលបានក្រមា១ សាប៊ូ១ដុំ ថវិកា១ម៉ឺនរៀល និងបានផ្តល់សំលៀកបំពាក់ប្រជាការពារភូមិបាគង និងភូមិត្បែងចំនួន ៣០កំប្លេរ និងថវិកា ៦០ម៉ឺនរៀលផងដែរ ។ កម្មវិធីនេះមានការចូលរួមពី លោក សួន ឡុញ ប្រធានក្រុមប្រឹក្សាស្រុក លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយសប្បុរសជន និងប្រជាពលរដ្ឋជាច្រើនផងដែរ ៕