គ.ជ.ប ជូនដំណឹងដល់គណបក្សនយោបាយស្តីពីការដាក់ និងការទទួលពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយដែលមានបំណងសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប កាលពីថ្ងៃទី២ ខែកុម្ភៈ បានឱ្យដឹងថា
១.ការដាក់ពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ
-ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ៣ (បី) ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។
-គណបក្សនយោបាយត្រូវមកដាក់ពាក្យសុំនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) រៀងរាល់ម៉ោងធ្វើការ ព្រឹកចាប់ពីម៉ោង ៧:០០ នាទី ដល់ម៉ោង ១១:៣០ នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:៣០ នាទី។
-គណបក្សនយោបាយត្រូវបំពេញ ទ.១០០៨ ចំនួន ២ (ពីរ) ច្បាប់ ។ ពាក្យសុំចុះបញ្ជីបេក្ខជននេះ ត្រូវបានផ្ដល់ដោយឥតគិតថ្លៃជូនគណបក្សនយោបាយដែលមានបំណងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅ គឃ.សប រៀងរាល់ម៉ោងធ្វើការ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh (http://www.nec.gov.kh/)។
-ពាក្យសុំចុះបញ្ជីបេក្ខជននៃគ ណបក្សនយោបាយ ត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយនោះ។ តំណាងដែលទទួលបានការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះ មានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។
-ពាក្យសុំចុះបញ្ជីបេក្ខជនត្រូវភ្ជាប់មកជាមួយនូវ៖
• សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ចំនួន១ (មួយ) ច្បាប់។
• អាសយដ្ឋាននៃទីស្នាក់ការកណ្ដាលគណបក្សនយោបាយ អាសយដ្ឋានទីស្នាក់ការ គណបក្សនយោបាយក្នុងឃុំ សង្កាត់ និងឈ្មោះអ្នកតំណាងប្រចាំទីស្នាក់ការគណបក្សនយោបាយក្នុងឃុំ សង្កាត់ដែលបានដាក់ស្នើបញ្ជីបេក្ខជន ។
• បញ្ជីរាយនាមបេក្ខជនចំនួន៧ (ប្រាំពីរ) ច្បាប់ ដែលមានចំនួនបេក្ខជនយ៉ាងហោចណាស់ស្មើនឹង២ (ពីរ) ដង នៃចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ (មិនត្រូវកោស ឬលុប) ។
• លិខិតបញ្ជាក់ពីមេឃុំ ចៅសង្កាត់ថាពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោតដោយបញ្ជាក់ឱ្យបានច្បាស់អំពីនាមត្រកូល នាមខ្លួន ភេទ ថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋាន (មិនត្រូវកោស ឬលុប) ។
• ជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជនដែលបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ មានបិទរូបថត និងរូបថតបេក្ខជនម្នាក់ចំនួន ៣ (បី) សន្លឹកទៀត ទំហំ ៤x៦ ថតចំពីមុខតាមគំរូរូបថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។
• លិខិតសន្យារបស់បេក្ខជនឈរឈ្មោះបោះឆ្នោតដែលជាមន្ត្រីរាជការថានឹងផ្តល់ច្បាប់សុំឈប់ពិសេសជូន គឃ.សប ។
• ឈ្មោះគណបក្សនយោបាយជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់គណបក្សនយោបាយ ។
-បេក្ខជនម្នាក់ៗ ត្រូវមានឈ្មោះក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយតែមួយប៉ុណ្ណោះ ។
២.ការរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយតាមកម្មវិធី
-ការរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មាន ២ (ពីរ) របៀបគឺ៖
• គណបក្សនយោបាយអាចរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយដៃ។
• គណបក្សនយោបាយអាចស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តាមកម្មវិធី។
-សម្រាប់ការរៀបចំបញ្ជីបេក្ខជនតាមកម្មវិធី ការទទួលពាក្យសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើស-ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ និងបញ្ចប់ត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ។
-កម្មវិធីរៀបចំបញ្ជីបេក្ខជនតាមកម្មវិធីនេះត្រូវបិទនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ។
-គណបក្សនយោបាយដែលមានបំណងរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយតាម កម្មវិធី ត្រូវដាក់ ពាក្យស្នើសុំបង្កើតគណនីមក គ.ជ.ប ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារ ដូចខាងក្រោម ៖
• ពាក្យស្នើសុំបង្កើតគណនីគណបក្សនយោបាយ
• លិខិតផ្ទេរសិទ្ធិគ្រប់គ្រងគណនីគណបក្សនយោបាយ (ប្រសិនបើមាន)
• សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ
• ឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ និងសញ្ញាសម្គាល់ (Logo) គណបក្សនយោបាយ (ជាពណ៌ និងសខ្មៅ ដែលមានទំហំធំបំផុតត្រឹម ៥ MB) ។
-គណបក្សនយោបាយដែលបានទទួលគណនីពី គ.ជ.ប សម្រាប់រៀបចំបញ្ជីបេក្ខជនឈរឈ្មោះ តាមកម្មវិធី អាចបង្កើតគណនីប្រើប្រាស់ដូចខាងក្រោម ៖
• ធ្វើការបង្កើតគណនីតាមរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ តាមការចាំបាច់
• ថ្នាក់រាជធានី ខេត្ត អាចបង្កើតគណនីតាមក្រុង ស្រុក ខណ្ឌ ដើម្បីជួយរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាមមណ្ឌលឈរឈ្មោះតាមការកំណត់។
-គណបក្សនយោបាយដែលបានរៀបចំបញ្ជីបេក្ខជនតាមកម្មវិធីរួចហើយ ត្រូវបោះពុម្ពចេញពី កម្មវិធីនូវ ៖
• បញ្ជីរាយនាមបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ភ្ជាប់ជាមួយនឹងពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងសេចក្តីសម្រេចរបស់ គឃ.សប (ទ.១០០៨)
• លិខិតបញ្ជាក់ពីមេឃុំ ចៅសង្កាត់ថាពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះ អ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ដែលត្រូវយកទៅជូនមេឃុំ ចៅសង្កាត់បញ្ជាក់ សម្រាប់ភ្ជាប់ជាមួយនឹង ទ.១០០៨ (មិនត្រូវកោស ឬលុប)។
-គណបក្សនយោបាយត្រូវរៀបចំសំណុំឯកសារពាក់ព័ន្ធសម្រាប់ភ្ជាប់ជាមួយ ទ.១០០៨ ដើម្បីយកទៅដាក់នៅ គឃ.សប តាមកាលបរិច្ឆេទនៃការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។
គ.ជ.ប សង្ឃឹមទុក ជាមុនថា គ្រប់គណបក្សនយោបាយ ក្រុមប្រឹក្សាឃុំ សង្កាត់ និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕
ដោយៈពលជ័យ