ពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌ បង្កើតឡើង ដើម្បីស្មារតីបំផុសចលនាយុវជន មន្រ្តីជុំវិញខេត្តអោយចូលចិត្តលេង និងស្រឡាញ់កីឡា

ការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដំណើរការប្រកួតផ្លូវការហើយ នថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅកីឡដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមាន១៨ក្រុមចូលរួមប្រកួតប្រជែង។


ឯកឧត្តម ធុល នាង ប្រធានគណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ថា ពានរង្វាន់អភិបាលខេត្ត បង្កើតឡើងក្រោមគំនិតផ្តួចផ្តើម ឯកឧត្តម គង់ សោភ័ណ្ឌ និងមានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវខេត្ត រដ្ឋបាលស្រុកល្វាឯម ស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ក៏ដូចជាក្នុងខេត្ត ពិសេសគឺបំផុសគំនិតស្មារតីយុវជនឲ្យស្រលាញ់កីឡា និងលើកកម្ពស់ស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការណ៍ល្អពីក្រុមមួយទៅក្រុមមួយ។


ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា រដ្ឋបាលខេត្ត បានផ្តួចផ្តើមបង្កើតពាននេះ ក្នុងស្មារតីបំផុសចលនាយុវជន នៅតាមបណ្តាក្រុង-ស្រុក និងមន្ទីរជំនាញជុំវិញខេត្ត ក៏ដូចជាវិស័យឯកជន ជាពិសេសផ្តល់ឱកាសទៅដល់យុវជន បានចូលរួមលេងកីឡា និងស្វែងរកកីឡាករដែលមានសមត្ថភាព តំណាងអោយខេត្ត ត្រៀមប្រកួតកីឡាបាល់ទាត់ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ពិសេសស៊ីហ្គេម ( SEA GAME ) នាពេលខាងមុខ។ មួយវិញ ទៀត ក៏ដើម្បីឱ្យយុវជនជៀសវាងយកពេលវេលាទៅសេពគ្រឿងញៀន អំពើឆក់ប្លន់ ឬបង្កើតជាក្រុមបងតូចបងធំ ជាដើម។

ឯកឧត្តម អភិបាលខេត្ត បានគូបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យកីឡា ដោយបានដាក់ចេញនូវផែនការគោល នយោបាយលើកស្ទួយវិស័យកីឡា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលបម្រើដល់វិស័យកីឡា។ ជាពិសេសបានដាក់ចេញនូវគោលនយោបាយជាតិការអភិវឌ្ឍអប់រំកាយ និងកីឡា ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ ឱកាស និងបណ្ដុះវប្បធម៌អប់រំកាយ និងកីឡា សំដៅដណ្តើមបានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡាទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសការដណ្ដើមបានមេដាយ ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។

ជាមួយគ្នានោះ ឯកឧត្តម បានការកោតសរសើរដល់គណៈកម្មការរៀបចំការប្រកួត មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក ដែលបានប្រឹងប្រែងរៀបចំ សម្របសម្រួលទាំងបច្ចេកទេស សន្តិសុខ សណ្តាប់ធ្នាប់ ពិសេសលើវិធានសុខាភិបាល ក្នុងការរៀបចំការប្រកួតកីឡាបាល់ទាត់ នេះឡើង ប្រកបដោយភាពសប្បាយរីករាយ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងភាតរភាព។


សូមញ្ជាក់ថា ការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល មានចំនួន១៨ក្រុម ចូលរួម បែងចែកជា៤ពូល មានពូលខ្លះ៤ក្រុម និងពូលខ្លះ៥ក្រុម ដំណើរការប្រកួតពីថ្ងៃទី២ កុម្ភៈបញ្ចប់នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner