ទេព រិទ្ធីវិទ្ធ ៖ ស៊ីហ្គេមនៅវៀតណាម សហព័ន្ធមិនផ្តោតមេដាយជាសំខាន់នោះទេ តែផ្តល់ឱកាសឲ្យយុវជនបានចូលរួមច្រើន ដើម្បីបង្កើនសមត្ថភាព ត្រៀមការប្រកួតកម្រិតអន្តរជាតិ

លោក ទេព រិទ្ធវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ស៊ីហ្គេម លើកទី៣១ នៅវៀតណាម នៅអំឡុងខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ សហព័ន្ធបានត្រៀមកីឡាករ កីឡាការិនីរួចរាល់ហើយ ដើម្បីចូលរួមប្រជែងមេដាយ ។


លោក បញ្ជាក់ទៀតថា សមាសភាពកីឡាករ កីឡាការិនី រួមមានកីឡាករ ប៊ុន កេន្នី ,ឡុង សំនៀង កីឡាការិនី អាំង ត្រេកា ម្ចាស់មេដាយសំរិទ្ធ នៅប្រទេសម៉ាឡេស៊ី និងកីឡាករយុវជន៣រូប ដែលបណ្តុះបណ្តាលដោយសហព័ន្ធ ។ លោក អគ្គលេខាធិការ អះអាងថា ការដាក់យុវជន៣រូប ឲ្យចូលរួម ស៊ីហ្គេម លើកទី៣១នេះ សហព័ន្ធចង់បង្កើនសមត្ថភាពពួកគេ តាមរយៈបទពិសោធន៍ពីការប្រកួតកម្រិតអន្តរជាតិ ដើម្បីពង្រឹងចំណុចខ្វះខាត ត្រៀមប្រជែងដណ្តើមមេដាយពីស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


លោក ទេព រិទ្ធវិទ្ធ បញ្ជាក់ទៀតថា ស៊ីហ្គេម នៅវៀតណាម សហព័ន្ធមិនបានផ្តោតលើចំនួនមេដាយជាសំខាន់នោះទេ គឺផ្តល់ឱកាសឲ្យកីឡាករយុវជនចូលរួមប្រកួតច្រើន ដើម្បីពង្រឹងសមត្ថភាព ពីព្រោះសហព័ន្ធផ្តោតសំខាន់ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ត្រៀមបញ្ជូនកីឡាករ កីឡាការិនី ចំនួន៥រូប ទៅចូលរួម មានកីឡាករ ប៊ុន កេន្នី , ឡុង សំនៀង , អាំង ត្រេកា , ឃ្លាំង ពន្លក និងកីឡាករ ទេព ធីម៉ូធី ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner