លោក ទុយ ប៊ុនហឿន ៖ សហព័ន្ធគប្បីប្រឹងប្រែងសម្រួចបច្ចេកទេស កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ

វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតថ្នាក់ជាតិកីឡាប្រដាល់សកល បានបញ្ចប់នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីដំណើរការអស់រយ:ពេល៣ថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមជំនួយថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ទទួលបន្ទុកប្រធានគ្រប់គ្រងវគ្គនេះ គូសបញ្ជាក់ថា វគ្គនេះមានសិក្ខាកាមចូលរួមសរុប ២០នាក់ ដែលជាគ្រូបង្វឹកនៅតាមបណ្តាក្លិបកីឡាប្រដាល់សកលនៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ព្រៃវែង កំពង់ស្ពឺ ព្រះសីហនុ កំពត និងសៀមរាប។

គ្រូឧទ្ទេសគឺលោក RUSSELL STUTELY គ្រូបង្វឹកប្រដាល់សកលអន្តរជាតិ បង្រៀនលើផ្នែកបច្ចេកទេសសំខាន់ៗនៃការបង្វឹក បទបញ្ជាបច្ចេកទេសហ្វឹកហាត់កីឡាប្រដាល់សកល និងតួនាទីរបស់គ្រូបង្វឹក។ ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ គឺគ្រូបង្វឹកចំនួន៧នាក់ ទទួលបាននិទ្ទេសល្អ និង១៣នាក់ ល្អបង្គួរ ។

ប្រធានគ្រប់គ្រងវគ្គបណ្តុះបណ្តាលរូបនេះ បន្ថែមថា តាមការសន្និដ្ឋានជារួម សិក្ខាកាមទាំងអស់ បានបង្ហាញស្មារតីចូលរួមសិក្សាយ៉ាងផុលផុស និងបានស្វែងយល់ពីបទបញ្ជាបច្ចេកទេសហ្វឹកហាត់កីឡាប្រដាល់សកល ការរៀបចំកម្មវិធីហ្វឹកហាត់ស្របតាមស្តង់ដារអន្តរជាតិ និងការអនុវត្តផ្ទាល់ស្តីពីវិធីសាស្ត្របង្វឹក ។

លោកប៊ុយ សុភ័ណ្ឌ បានចាត់ទុកថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិនេះ ពិតជាមានសារសំខាន់ណាស់ ដែលគ្រូបង្វឹកប្រដាល់សកលកម្ពុជា ទទួលបានចំណេះដឹងថ្មីៗបន្ថែម ពីគ្រូឧទ្ទេសប្រចាំវគ្គ គឺលោក RUSSELL STUTELY ដែលជាគ្រូកម្រិតអន្តរជាតិ ។ លោក អគ្កលេខាធិការ បានដាក់ក្តីរំពឹងខ្ពស់ថា តាមរយៈសមិទ្ធផលថ្មីនេះ គ្រូបង្វឹកទាំងអស់នឹងយកចំណេះដឹងទាំងនេះ ទៅបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជា ឲ្យមានគុណភាពកាន់តែខ្ពស់ ដើម្បីត្រៀមលក្ខណៈឲ្យកាន់តែរឹងមាំ ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ។


លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធ និងសិក្ខាកាមជាគ្រូបង្វឹកទាំងអស់ ដែលខិតខំពង្រឹងគុណភាព និងបន្តការអភិវឌ្ឍវិស័យកីឡាប្រដាល់សកល ឲ្យកាន់តែរីកចម្រើនបន្ថែម ជាពិសេសសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា តែងតែផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិនានា ក្នុងនោះសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ទទួលបានថវិកាគាំទ្រដូចគ្នាផងដែរ ដោយប្រើប្រាស់លើ៣មុខសញ្ញាសំខាន់ៗដូចជា ផ្នែករដ្ឋបាល២០% វគ្គបណ្តុះបណ្តាលបច្ចេកទេស ៣៥% និងការប្រកួតជើងឯកថ្នាក់ជាតិ ៤៥% ។


ជាមួយគ្នានោះ ក្នុងនាមនាយកដ្ឋានអប់រំកាយ និងកីឡា លោក បានស្នើឲ្យគ្រូបង្វឹកទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់សកល គប្បីប្រឹងប្រែងសម្រួចបច្ចេកទេសរបស់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ តាមរយៈការប្រជែងមេដាយជូនជាតិ និងការរៀបចំឲ្យទទួលបានកិត្តិយសជាតិ ដែលជារឿងសំខាន់បំផុត តាមអនុសាសន៍របស់ថ្នាក់ដឹកនាំ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner