សហរដ្ឋអាមេរិកព្រមានក្រុមហ៊ុនចិនមិនអោយជួយរុស្ស៊ីប្រឆាំងនឹងការដាក់ទណ្ឌកម្ម
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានព្រមានក្រុមហ៊ុនចិនថា ពួកគេនឹងប្រឈមមុខនូវផលវិបាក ប្រសិនបើពួកគេព្យាយាមគេចពីការគ្រប់គ្រងការនាំចេញណាមួយ ដែលដាក់លើរុស្ស៊ី ទាក់ទិននឹងសកម្មភាពចង់ឈ្លានពានអ៊ុយក្រែន។
ការព្រមានបែបនេះរបស់សហរដ្ឋអាមេរិកបានកើតមានឡើងក្រោយក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ថា ចិន និងរុស្ស៊ីបានសម្របសម្រួលអំពីតួនាទីរបស់ពួកគេរៀងៗខ្លួនជុំវិញវិបត្តិអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ីនៅទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ មន្ត្រីសន្តិសុខជាតិសេតវិមានលោក Peter Harrell កាលពីថ្ងៃពុធក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកកំពុងធ្វើការលើវិធានការត្រួតពិនិត្យការនាំចេញជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ី រួមមានទាំងជប៉ុន និងកូរ៉េខាងត្បូង។
ទន្ទឹមនឹងនេះ បណ្តាប្រទេសលោកខាងលិចក៏បានអះអាងដែរថា សកម្មភាពណាមួយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន នឹងនាំមកនូវការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ហើយសហរដ្ឋអាមេរិកបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងវិធានការត្រួតពិនិត្យការនាំចេញផងដែរ៕ ប្រភព៖ CNA


