ប្រធានាធិបតីហ្វីលីពីនដាក់ខ្លួននៅដាច់ដោយឡែក ក្រោយបុគ្គលិកក្នុងផ្ទះម្នាក់កើតកូវីដ
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីបុគ្គលិកម្នាក់ក្នុងផ្ទះរបស់លោកឆ្លងកូវីដ ១៩។ អ្នកនាំពាក្យបញ្ជាក់ថា លោកធ្វើតេស្តចំនួន ២ដងរួចមកហើយ និងអវិជ្ជមានទាំងពីរក្រោយរងផលប៉ះពាល់ដោយសារបុគ្គលិក។
លោកបន្តធ្វើការងារដដែលអំឡុងពេលធ្វើចត្តាឡីស័ក និងបន្តទាក់ទងជាមួយសមាជិកគណៈរដ្ឋមន្ត្រីដើម្បីដោះស្រាយបញ្ហាបន្ទាន់នានា និងបញ្ហាទាក់ទងនឹងការរាតត្បាតកូវីដ។ នេះជាការបញ្ជាក់របស់លោក Karlo Nograles លេខាធិការខុទ្ទការល័យប្រធានាធិបតីកាលពីថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈ ម្សិលមិញនេះ។
ប្រធានាធិបតីវ័យ ៧៦ឆ្នាំរូបនេះបានទទួលការចាក់វ៉ាក់សាំងពេញលេញ និងទើបទទួលបានការចាក់ដូសជំរុញកាលពីខែមុន។
លោក Karlo Nograles ថ្លែងថា លោក Duterte បានទៅកាន់មណ្ឌលវេជ្ជាសាស្ត្រ Cardinal Santos ស្ថិតក្នុងស្រុក San Juan ប៉ុន្តែការធ្វើដំណើរទៅទីនោះគឺសម្រាប់ការពិនិត្យសុខភាពជាប្រចាំប៉ុណ្ណោះ។
លោក Duterte ដែលនឹងបញ្ចប់អាណត្តិប្រធានាធិបតីរយៈពេល ៦ឆ្នាំនៅខែមិថុនាខាងមុខ បានទទួលស្គាល់កន្លងមកថា លោកមានបញ្ហាសុខភាពជាច្រើនរួមមានការឈឺក្បាលប្រកាំង ដែលបណ្តាលមកពីការផឹកស្រា និងគ្រោះថ្នាក់ចរាចរណ៍កាលពីអតីតកាល៕