សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន គាំទ្រនិងលើកទឹកចិត្តដល់បណ្ដាប្រទេសជាសមាជិកអាស៊ានដើម្បីខិតខំជំរុញការអនុវត្តទស្សនាទានអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វ៊ិក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន គាំទ្រនិងលើកទឹកចិត្តដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីខិតខំជំរុញការអនុវត្តទស្សនាទានអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វ៊ិក អាចចេញជាសកម្មភាពជាក់ស្ដែង ព្រមទាំងបន្តខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជំរុញការបើកសេដ្ឋកិច្ចឡើងវិញ និងប្រកាន់ខ្ជាប់គោលការណ៍កុងសង់ស៊ីសរបស់អាស៊ាន។
ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាថ្លែងអំណរគុណដល់បណ្ដាប្រទេសនានាដែលតែងតែគាំទ្រព្រះរាជាណាចក្រកម្ពុជាចំពោះការបំពេញតួនាទីស្នូលក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងទទួលស្គាល់នូវអត្ថិភាពដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជាក្នុងសហគមន៍អាស៊ាន៕
ដោយៈពលជ័យ