ក្រុមបាតុករហុងកុងរងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកពីសំណាក់មន្រ្តីប៉ូលិស អំឡុងពេលលើកគ្នាទៅអរគុណប្រធានាធិបតីសហរដ្ឋអាមេ៉រិក
ហុងកុង៖ ប៉ូលិសហុងកុងបានធ្វើការបាញ់បង្ហូរទឹកភ្នែកលើហ្វូងបាតុករ នៅក្នុងសង្កាត់ Tsim Sha Tsui នៅថ្ងៃអាទិត្យនេះ ក្រោយបាតុកររាប់ពាន់នាក់លើកគ្នាទៅស្ថានកុងស៊ុលសហរដ្ឋអាមេរិក ដើម្បីសម្ដែងការអរគុណដល់លោកប្រធានា ធិបតី ដូណាល់ ត្រាំ ។
ហេតុការណ៍ខាងលើនេះ បានកើតមានឡើងក្រោយលោក ដូណាល់ ត្រាំ បានចុះហត្ថលេខា ដើម្បីឱ្យសេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទីក្រុងហុងកុង ក្លាយទៅជាច្បាប់មួយមានគោលដៅគំាទ្របាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងពិនិត្យមើលក្នុងមួយឆ្នាំម្ដងថាតើទីក្រុងហុងកុងស័ក្តិសមនឹងទទួលបានការអនុគ្រោះពាណិជ្ជកម្មពិសេសពីសហរដ្ឋអាមេរិកដែរឬទេ ។ បន្ថែមលើនេះ ច្បាប់ខាងលើក៏អនុញាតឱ្យមានការដាក់ទណ្ឌកម្ម ក្នុងករណីមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផងដែរ ។
សូមបញ្ជាក់ផងដែរថា លេខាធិការសន្តិសុខហុងកុង លោក John Lee បានឱ្យដឹងថា ប៉ូលិសហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកជាង១ម៉ឺនគ្រាប់ ចាប់តាំងពីខែមិថុនាមក ហើយគិតត្រឹមសប្ដាហ៍មុន មនុស្ស១,១០០នាក់ហើយត្រូវបានចាប់ខ្លួន ក្នុងគ្រាដែលបាតុកម្ម និងអំពើហិង្សានៅតែបន្តកើតឡើង ៕ធ.ដ