អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជិត ៣០០លានដុល្លារនៅខែមករាឆ្នាំនេះ

ភ្នំពេញ៖ អគ្គនាយកពន្ធដារប្រមូលចំណូលក្នុងខែមករា ឆ្នាំនេះបានប្រមាណ ២៨៨,២៣លានដុល្លារ ស្មើនឹង ១០,២២ភាគរយនៃផែនការប្រចាំឆ្នាំ បើធៀបនឹងខែមករា ឆ្នាំ២០២១ កើនឡើង ៧១,០៣លានដុល្លារ ប្រមាណ ៣២,៧០ ភាគរយ ខណៈវិស័យមួយចំនួននៅបន្ត លើកលែង ក្នុងបរិការណ៍នៃការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

នេះជាការលើកឡើងរបស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២២ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ម្សិលមិញនេះ។

របាយការណ៍ស្តីពីលទ្ធផលការងារប្រមូលចំណូលពន្ធឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋាន ពន្ធដារ បានបង្ហាញថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កម្ពុជាសម្រេចបានចំណូលពន្ធ-អាករសរុបចំនួនជាង ២,៧ ពាន់ លានដុល្លារ (២,៧៨១.៩២លានដុល្លារ) ស្មើនឹង ១២៤,០២ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងក្នុងឆ្នាំ២០២១។

របាយការណ៍បន្តទៀតថា ចំនួននេះ គឺលើសផែនការឆ្នាំ ២០២១ ចំនួន ៥៣៨.៨៥លានដុល្លារ ស្មើ២៤,០២ភាគរយ ដែលអគ្គនាយកដ្ឋានបានកំណត់ប្រមូលចំណូលពន្ធចំនួនតែជាង២,២ពាន់លានដុល្លារ(២,២៤៣.០៧លានដុល្លារ)ប៉ុណ្ណោះ។

អគ្គនាយកពន្ធដារបានអះអាងថា ទោះបីជាលទ្ធផលប្រមូល ពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារក្នុងឆ្នាំ២០២១កន្លងទៅ មាន ភាពប្រសើរច្រើនយ៉ាងណាក្តី ប៉ុន្តែបើធៀបជាមួយនឹងចំណូល ពន្ធ ក្នុងរយៈពេលដូចកាលពីឆ្នាំ២០២០ គឺថយចុះប្រមាណ ជាង ១០៧,០៩លានដុល្លារ ស្មើនឹង-៣,៧១ភាគរយ ខណៈទំហំចំណូលពន្ធក្នុងឆ្នាំ២០២០ មានចំនួនជិត បីពាន់លានដុល្លារ (២,៨៨៩.០២លានដុល្លារ)៕
ដោយៈ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner