មន្ត្រីទាំងអស់ត្រូវពាក់ម៉ាស់វាស់កម្តៅពេលធ្វើការ មិនដូចនេះមិនអនុញ្ញាតចូលបរិវេណធ្វើការឡើយ
ខណៈដែលជំងឺកូវីដបំប្លែងថ្មីអូមីក្រុង បានកំពុងវាយលុកនៅក្នុងទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួន ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យមន្ត្រីទាំងអស់ត្រូវប្រុងប្រយ័ត្នដោយត្រូវ វាស់កម្តៅ និងពាក់ម៉ាស់ជាប្រចាំ បើមិនដូច្នេះទេ មិនអនុញ្ញាតឲ្យចូលក្នុងបរិវេណធ្វើការងារ ។
យោងតាមសេចក្តីណែនាំរបស់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២២ ស្តីពី វិធានការសម្រាប់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ និងរាជធានី ខេត្ត ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងលើកឡើងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ រាជធានី ខេត្តទាំងអស់ត្រូវបន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានម៉ឺងម៉ាត់ ។
ឯឧត្តមរដ្ឋមន្ត្រីថា បុគ្គលិកអប់រំដែលបានចេញទៅបំពេញបេសកកម្មនៅតាមរាជធានី ខេត្ត ឬធ្វើដំណើរទៅកន្លែងដែលមានហានិភ័យ (ក្រោមហេតុផលផ្ទាល់ខ្លួន) ត្រូវធ្វើតេស្ត rapid test មុននឹងត្រឡប់មកកាន់ទីកន្លែងបម្រើការវិញ ។
លើកទឹកចិត្តឱ្យរៀបចំសកម្មភាពជួបជុំ សកម្មភាពបណ្ដុះបណ្ដាល ឬសិក្ខាសាលា ដែលមានអ្នកចូលរួមក្នុងចំនួនតិច ឬត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញបន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថលដូចជា Telegram, Whatsapp…។
ក្រសួងថា អង្គភាពថ្នាក់ជាតិទាំងអស់ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាពសុខភាពរបស់មន្តី ។ មន្ត្រីអប់រំទាំងអស់ ត្រូវពាក់ម៉ាសការពារឱ្យបានជាប់លាប់ គ្រប់ពេលចេញចូល និងពេលបំពេញការងារ ។ ត្រូវរក្សាអនាម័យ ដោយលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុលជាប្រចាំ ។
ឯកឧត្តមបញ្ជាក់ថា« គ្រប់ច្រកចេញចូលត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាសជាប្រចាំក្នុងករណីមិនអនុវត្តតាមមិនត្រូវ អនុញ្ញាតឱ្យចូលក្នុងបរិវេណជាដាច់ខាត»។
ជាមួយគ្នានោះដែរ ឯកឧត្តមថា ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតីដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរស័ព្ទទៅលេខ ១១៥ ជាបន្ទាន់ ។ ទទួលបានសេចក្ដីណែនាំក្រសួងបានឲ្យ អង្គភាពថ្នាក់ជាតិ និងរាជធានី ខេត្តទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕