សម្រង់ខ្លឹមសារពិធីប្រកាសសមាសភាព និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ

  • ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ និងពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក. ក្នុងខេត្តព្រះវិហារ។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសំណាក់   ឯកឧត្តម ប្រាក់ សុវណ្ណ  អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម យុង គឹមហ៊ាន ប្រធានស.ស.យ.ក. ខេត្តព្រះវិហារ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានស.ស.យ.ក.ខេត្ត ថ្នាក់ដឹកនាំខេត្ត និងអង្គភាពចំណុះរដ្ឋបាលខេត្ត រួមជាមួយសមាជិក សមាជិកា គណៈកម្មាធិការស.ស.យ.ក. ខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពជុំវិញខេត្ត។
  • ការប្តេជ្ញាចិត្តរបស់ ឯកឧត្តម យុង គឹមហ៊ាន  ប្រធានស.ស.យ.ក. ខេត្តព្រះវិហារ «ក្រុមគ្រួសារស.ស.យ.ក. ខេត្តព្រះវិហារ នឹងបន្តអនុវត្តតាមយ៉ាងម៉ឹងម៉ាត់ស្របតាមគោលការណ៍ដែលបានចង្អុលបង្ហាញរបស់ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធាន ហ៊ុន ម៉ានី គោរពគាំទ្រ រក្សាសាមគ្គីភាពផ្ទៃក្នុងរឹងមាំ  លើកកម្ពស់សមត្ថភាពយុវជនទាំងក្នុងរង្វង់ស.ស.យ.ក. ក៏ដូចជាយុវជនដទៃទៀតទូទាំងខេត្ត  និងចូលរួមជាកម្លាំងចលករមួយក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ»។
  • កិច្ចសំណេះសំណាលរបស់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការចូលរួមពីសំណាក់ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រះវិហារ លើកិច្ចការសប្បុរសធម៌ និងការងារសង្គមក្នុងខេត្ត ហើយឯកឧត្តមបានលើកទឹកចិត្តមានការបន្តនូវវប្បធម៌សាមគ្គីភាព ឯកភាពជួយឧបត្ថម្ភគាំទ្រ និងខិតខំប្រឹងប្រែងឲ្យពីលទ្ធភាពជាមួយគ្នាបន្តទៀត។ ឯកឧត្តមបានមានប្រសាសន៍ថា «ស.ស.យ.ក. ខេត្តព្រះវិហារ គឺជាដៃគូសហប្រតិបត្តិការដ៏ល្អមួយ ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តព្រះវិហាររបស់យើង»។ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារក៏បានយកឱកាសនៃពិធីសំណេះសំណាលនេះ រំលឹកអំពីស្ថានភាព និងសភាពការណ៍នៃខេត្តព្រះវិហារ ដែលជាខេត្តដែលមានសង្គ្រាមមុនគេ និងបញ្ចប់ក្រោយគេ ជាពិសេសក្នុងដំណាក់កាលនៃជម្លោះជុំវិញប្រាសាទព្រះវិហារ ឆ្នាំ២០០៨ ជូនដល់អង្គពិធី។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបង្ហាញពីភាពរីកចម្រើន សមិទ្ធផល និងឱកាសនៃការបន្តជំរុញការអភិវឌ្ឍនានាក្នុងខេត្ត ដែលជាលទ្ធផលនៃសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជិតខាង។
  • បន្ទាប់ពីបានស្ដាប់របាយការណ៍ស.ស.យ.ក. ខេត្តព្រះវិហារ ក៏ដូចជាប្រសាសន៍របស់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រួចមក ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងនូវវប្បធម៌ការងាររបស់ ស.ស.យ.ក. ចំនួន៣គឺ៖ (១)ការចូលរួមរៀនសូត្រ និងស្តាប់ការដឹកនាំ របស់ថ្នាក់ដឹកទាំងថ្នាក់ជាតិ និងមូលដ្ឋានគ្រប់ជាន់ថ្នាក់ ទស្សនៈ បទពិសោធន៍របស់ថ្នាក់ដឹកនាំ ជាឱកាសនៃការបង្កើតជាគំនិតមួយក្នុងការអភិវឌ្ឍសមត្ថភាព។  (២)ចូលរួមក្នុងសកម្មភាពស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ដែលកន្លងមក ស.ស.យ.ក. ទទួលបានភាពជោគជ័យយ៉ាងច្រើន   ប្រកបដោយភាពទទួលខុសត្រូវនិងការទទួលស្គាល់ពីសំណាក់មហាជនទូទាំងប្រទេស។  (៣)សកម្មភាពដែលជាគំនិតផ្តួចផ្តើមរបស់ ស.ស.យ.ក. ផ្ទាល់ រួមមានកម្មវិធីនានាដែលស.ស.យ.ក. បានផ្តួចផ្តើម និងរៀបចំ កន្លងមកទាំងថ្នាក់មូលដ្ឋានរាជធានីខេត្ត ថ្នាក់ជាតិ និងអន្តរជាតិ។ ឯកសណ្ឋានស.ស.យ.ក. ត្រូវបានការទទួលស្គាល់ពីប្រជាជនគ្រប់ទិសទី ព្រមទាំងបានផ្សារភ្ជាប់ជាមួយអំពើល្អ។ ស.ស.យ.ក. គប្បីរក្សាបាននូវយន្តការនៃការកសាងអំពើល្អ ការលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅមូលដ្ឋាន  ហើយធ្វើជាគម្រូដល់អ្នកជំនាន់ក្រោយ
  • ផ្សារភ្ជាប់ជាមួយទីតាំងភូមិសាស្ត្រដែលឯកឧត្តមបានមកដល់នៅថ្ងៃនេះ ឯកឧត្តមបានបន្ថែមផងដែរថា៖ ” រឿងព្រះវិហារមិនមែនជារឿងថ្មីនោះទេ  តែករណីប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យត្រូវបានសាកល្បងជាបន្តបន្ទាប់ ដូចជាកាលបទពិសោធន៍ឆ្នំា២០០៨ជាដើម ។ ប្រាសាទព្រះវិហារជារបស់កម្ពុជា ហើយកាន់តែច្បាស់គឺការទទួលស្គាល់តាំងពីទស្សវត្សទី៦០ មកម្លេះ តែឆ្នាំ២០០៨ ហើយ យើងនៅតែទទួលបានការបំពានជាបន្តបន្ទាប់។ តើទៅថ្ងៃអនាគត យើងនឹងជួបប្រទះបញ្ហាបែបណាទៀត?… ដូចច្នេះយើងត្រូវប្រុងប្រយ័ត្នជានិច្ច។ បទពិសោធន៍កាលពីឆ្នាំ២០០៨ បានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនខ្មែរពិតជាមានស្មារតីនៃការួមគ្នា ក្នុងបុព្វហេតុដើម្បីប្រទេសជាតិ និងមាតុភូមិ។

                      “ខ្មែរសាមគ្គី ខ្មែរឈ្នះ

គួបញ្ជាក់ដែរថា ពិធីប្រកាសសមាសភាព និងពិធីសំណេះសំណាលនៅក្នុងខេត្តព្រះវិហារនេះគឺជាផ្នែកមួយនៃបេសកកម្មទូទាំងប្រទេសសម្រាប់ឆ្នាំ២០២២ របស់ឯកឧត្តម ហ៊ុន ម៉ានី ហើយខេត្តព្រះវិហារគឺជាខេត្តទី៣ នៃបេសកកម្មនេះបន្ទាប់ពីខេត្តព្រះសីហនុ និងខេត្តកំពត។ ហើយគោលដៅបន្ទាប់របស់យើងគឺខេត្តឧត្តរមានជ័យ។

ads banner