ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផ្ដល់បទសម្ភាសន៍ ដល់បណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់ការសរសេរសៀវភៅ “សម្ដេចក្រឡាហោម ស ខេង ការងារគ្រប់គ្រងសន្ដិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកំណែទម្រង់ រយៈពេល២៧ឆ្នាំ”
ភ្នំពេញៈ នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកាលពីព្រឹកថ្ងៃសុក្រទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអនុញ្ញាតឱ្យ ថ្នាក់ ដឹកនាំ និងមន្រ្តីជំនាញចំនួន៥រូប ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក នួន វិទ្យាស័ក សាស្រ្តាចារ្យរង នៃបណ្ឌិត្យសភា នគរបាលកម្ពុជា អញ្ជើញផ្ដល់បទសម្ភាសន៍ ព្រមទាំងផ្ដល់ឯកសារ ពាក់ព័ន្ធសម្រាប់ការសរសេរសៀវភៅ “សម្ដេចក្រឡាហោម ស ខេង ការងារគ្រប់គ្រងសន្ដិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកំណែទម្រង់ រយៈពេល២៧ឆ្នាំ”។
ដោយអនុវត្តតាមសេចក្ដីសម្រេច និងតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំប្រមូល ចងក្រង និងតាក់តែងសៀវភៅ មានចំណងជើងថា “សម្ដេចក្រឡា ហោម ស ខេង ការងារគ្រប់គ្រងសន្ដិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកំណែទម្រង់ រយៈពេល២៧ឆ្នាំ”។ ក្នុងដំណើរការ នៃការសរសេរ សៀវភៅនេះ បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវការទិន្នន័យនិង ព័ត៌មានគ្រប់ប្រភេទ ក្នុងរយៈពេល២៧ឆ្នាំ (១៩៩៣-២០២០) ដែលបានមកតាមរយៈការធ្វើបទសម្ភាសន៍ និងឯកសារផ្សេងៗ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក គឺជាថ្នាក់ដឹកនាំមួយរូប ដែលបានបំពេញតួនាទីដ៏សំខាន់ក្នុងការដឹកនាំបញ្ជានិងគ្រប់គ្រងការងារអត្តសញ្ញាណកម្ម ព្រមទាំងមានទស្សនវិស័យ បទពិសោធ ផែនការ វិធានការ និងដំណោះស្រាយល្អៗ ក្នុងការបំពេញភារកិច្ច ទទួលខុសត្រូវ ឱ្យសម្រេចបានជោគជ័យ៕
ដោយៈរ៉ាវុធ