មេដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​គាំទ្រ​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​អាជ្ញាធរ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​គណបក្សនយោបាយ

ភ្នំពេញ ៖ ឯកឧត្តម ញឹក ប៊ុនឆៃ មេដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់ យោបល់ បាន​គាំទ្រ និង​អរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដែល​បាន​អំពាវនាវ​ទៅកាន់​អាជ្ញាធរ​នៅ​ទូទាំងប្រទេសបង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​បណ្ដាគណបក្សនយោបាយ​ដែល​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ អាចធ្វើ​សកម្មភាព​នយោបាយ​បាន​ដោយ​គ្មាន​ការរារាំង​។​

ឯកឧត្តម ញឹក ប៊ុនឆៃ មេដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់ យោបល់ (រូបថតឯកសារ)

​ការគាំទ្រ​នេះបាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន ប្រាំពីរ​កន្លែងស្ថិតនៅក្នុង​ខេត្តក្រចេះ និង​ព្រៃវែង ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន តម្លៃ​ប្រមាណ ៣៥​លាន​ដុល្លារ​ កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ដែលនៅពេលនោះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ឲ្យ​អាជ្ញាធរ​គ្រប់​រាជធានី​ខេត្ត បង្កលក្ខណៈ​ងាយស្រួល​ដល់​បណ្តា​គណបក្ស​នយោបាយ​នានា ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ អាចធ្វើ​សកម្មភាព​ជួបជុំ​សកម្មជន​របស់ខ្លួន ដូចជា ការលើក​ស្លាក​គណបក្ស​ជាដើម និង​សម្រាប់តែ​គណបក្ស​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​។​

​ឯកឧត្តម ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​ថ្លែងប្រាប់ AMS នៅ​រសៀល​ថ្ងៃទី​១៨ ខែកុម្ភៈ នេះ​ថាលោកសូម​អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ណែនាំ​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន​បង្ករ​លក្ខណៈ​ងាយស្រួល​ដល់​គ្រប់​បណ្ដ​គណបក្ស នយោបាយ គឺ​ឃើញថា អាជ្ញាធរ​បាន​អនុវត្ត​ទៅតាម​ប្រសាសន៍ ឬក៏​បទបញ្ជា​របស់​សម្តេច ដោយ​អជ្ញាធរ​បាន​ជួយ​ការពារ​សន្តិសុខ ជួយ​សម្រួល​ចរាចរណ៍ និង​ ជួយ​សម្រួល​ឲ្យ​ដំណើរការ​ជួបប្រជុំគ្នា​នៅ​មូលដ្ឋាន​បានល្អ គឺ​ស្របទៅតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​។​

​ជាមួយគ្នានេះ ឯកឧត្តម ញឹក ប៊ុនឆៃ ក៏បាន​ថ្លែងអំណរគុណ​ទៅដល់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខដែលបានមានប្រសាសន៍ឲ្យអាជ្ញាធរនៅទូទាំងប្រទេសបង្កលក្ខណៈងាយស្រួលដល់គ្រប់បណ្ដាគណបក្សនយោបាយ គឺ​បានធ្វើ​ឲ្យ​អាជ្ញាធរ​នៅ​មូលដ្ឋាន​អនុវត្តតាម គឺ​បានធ្វើ​ឲ្យ​គណបក្សនយោបាយ​បាន​ដំណើរការ​ការងារ​រប​ស់​ខ្លួន​បាន​ដោយ​រលូន​។​

​ឯកឧត្តម​បាន​បន្តថា ឯកឧត្តម​បាន​ចុះ​មូលដ្ឋាន​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ គឺ​បានប្រាំបីខេត្ត រួមមានៈ ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ សៀមរាប និង​ខេត្តកំពង់ធំ​។ជាទូទៅ​ឃើញ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​កង​នគរបាលជាតិ បាន​សហការ​ជួយ​ការពារ​សន្តិសុខ សុវត្ថិភាព និង​ជួយ​សម្រួល​ចរាចរណ៍ គ្រប់​កម្មវិធី​ដែល​ឯកឧត្តម​បាន​ចុះ​ទៅតាម​បណ្តា​ខេត្ត​ ដោយ​ឯកឧត្តម​សង្កេតឃើញ​បណ្តា​គណបក្សនយោបាយ​ផ្សេងៗ ក៏​ឃើញ​មានដំណើរ​ការ​ទៅដោយ​រលូន ដោយ​មិន​បញ្ហា​អ្វី​នោះទេ​៕ ដោយៈ ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner