ឆ្នាំ២០២២ មន្ទីរទេសចរណ៍ខេត្តរតនគិរី បណ្ដុះបណ្ដាល ធនធានមនុស្សបានចំនួន ១៦៨នាក់ ក្នុងនោះមានគ្រូបង្គោល ១៥នាក់ លើវិស័យសេវាកម្ម ម្ហូបអាហារ ភេសជ្ជៈ និងមគ្គទេសក៍

រតនគិរី ៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានថ្លែងថា ក្នុងឆ្នាំ២០២២នេះ មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបណ្ដុះបណ្ដាលធនធានមនុស្សបានចំនួន ១៦៨នាក់ ក្នុងនោះមានគ្រូបង្គោល ១៥នាក់ លើវិស័យសេវាកម្ម ម្ហូបអាហារ ភេសជ្ជៈ និងមគ្គទេសក៍ ដើម្បីឱ្យវិស័យទេសចរណ៍ក្នុងខេត្ត កាន់តែមានប្រសិទ្ធភាព ជាពិសេសយុវជនងាយរងគ្រោះ និងបុគ្គលិក ដែលមានកម្រិតជំនាញទាបឱ្យទទួលបានការងារសមរម្យ ប្រាក់ចំណូលកើនឡើង និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋានតាមរយៈការពង្រឹង សមត្ថភាពយុវជន និងបុគ្គលិក ឱ្យមានជំនាញវិជ្ជាជីវៈទេសចរណ៍ច្បាស់លាស់ ស្របតាមស្តង់ដារជាតិ និងធ្វើឱ្យខេត្តរតនគិរី ជាខេត្តដែលផ្តល់សេវាកម្មល្អផ្នែកបដិសណ្ឋារកិច្ច ។

លោក ង៉ែត ពិទូ បានលើកឡើងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយ ពិគ្រោះយោបល់ និងជ្រើសរើសគ្រូបណ្ដុះបណ្ដាល ផ្នែកបដិសណ្ឋារកិច្ចដែលមានសក្ដានុពល ក្រោមគម្រោងហូកា របស់ក្រសួងទេសចរណ៍ សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលគាំទ្រដោយអង្គការ ស្វីសខន់ថាក់នៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែគុម្ភ: ឆ្នាំ២០២២ នៅមន្ទីរទេសចរណ៍ខេត្តរតនគិរី ។

លោក ង៉ែត ពិទូ បានបន្តថា ខេត្តរតនគិរីជាប៉ូលទី៤ នៅប៉ែកភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ដែលសំបូរទៅដោយធនធានធម្មជាតិ និងជាអេកូទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដូច្នេះហើយទាមទារឱ្យមានការពង្រឹងសមត្ថភាព ដល់យុវជន និងបុគ្គលិក ក៏ដូចជាម្ចាស់អាជីវកម្មមានចំណេះដឹង និងជំនាញពិតប្រាកដដើម្បីឱ្យឆ្លើយតប ទៅនឹងការងារនាពេលបច្ចុប្បន្នស្របតាមស្តង់ដារ របស់ក្រសួងទេសចរណ៍ ដែលបានដាក់ចេញ គឺបុគ្គលិកម្នាក់ ជំនាញមួយ។

លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងទេសចរណ៍ និង អង្គការស្វីសខន់ថាក់ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់នឹងគាំទ្រ ទាំងសម្ភារៈ, បច្ចេកទេស និងថវិកា សម្រាប់វិស័យទេសចរណ៍ខេត្តរតនគិរី និងសូមគាំទ្រនូវគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) ក្នុងការពង្រឹងគុណភាពវិស័យទេសចរណ៍ក្នុងខេត្តរតនគិរី ផងដែរ ។

លោកជំទាវបន្តថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) បានចូលរួមគាំទ្រខេត្តគោលដៅចំនួន ០៥ខេត្ត រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី ហើយក្នុងជំហានទី២ នៃគម្រោងកម្មវិធីហូកា បានជ្រើសរើសខេត្តរតនគិរី ជាខេត្តគោលដៅសម្រាប់គាំទ្រ និងបណ្តុះបណ្តាលលើវិស័យទេសចរណ៍ក្នុងខេត្ត ដែលមានរយៈពេល ០៥ឆ្នាំ (២០២០-២០២៤) ។

ក្នុងឱកាសនោះគណៈអធិបតី ក៏បានចែកជូនលិខិតបញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សាវគ្គមុនៗផងដែរ៕ ដោយ៖ គតិ យុត្ត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner