ប្រមុខ​ការទូត​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក

ភ្នំពេញ​: ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិកាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅ​ទីក្រុង​ប៉ារីស និង​បន្ត​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​តួ​ក​គី​។

​តប​តាម​ការអញ្ជើញ​រួមគ្នា​របស់ ឯកឧត្តម Josep BORRELL FONTELLES តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប និង​ឯកឧត្តម Jean-Yves LE DRIAN រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប និង​ការបរទេស​បារាំង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិនៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅ​ទីក្រុង​ប៉ារីស​។​

​ក្នុងឋានៈ​ជា​តំណាង​ជាន់ខ្ពស់​របស់​កម្ពុជា ដែលជា​ប្រទេស​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​បើក និង​ចូលរួម​វេទិកា​តុមូល​ស្តីពី​សន្តិសុខ និង​កិច្ច​ការពារជាតិ​។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រវាង​បារាំង និង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ផងដែរ​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ប៉ារីស ឯកឧត្តម ប្រាក់ សុខុន នឹង​ជួបប្រជុំ​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​ឥស្សរជន​ជាន់ខ្ពស់​ផ្សេងៗ​ទៀត ដូចជា លោកជំទាវ Mélanie Joly រដ្ឋមន្ត្រីការបរទេស​កាណាដា ឯកឧត្តម Jan Lipavský រដ្ឋមន្ត្រីការបរទេសនៃ​សាធារណរដ្ឋ​ឆេ​ក និង​លោក Michel Herbillon ប្រធាន​ក្រុម​មិត្តភាព​កម្ពុជា​-​បារាំង នៃ​រដ្ឋសភា​បារាំង​។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏​នឹង​ឆ្លៀតឱកាស​ពី​ការ​ស្នាក់នៅ​ទីក្រុង​ប៉ារីស​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​នៅ​ទីនោះ​ផងដែរ​។​

​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​អាល្លឺម៉ង់ តប​តាម​ការអញ្ជើញ​របស់លោក​ជំទាវ ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​។ ដំណើរ​ទស្សនកិច្ច​នេះ ដែលជា​លើកទីមួយ​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ក្នុង​រយៈពេល​២៧​ឆ្នាំ​កន្លងមកនេះ មាន​គោលបំណង​ដើម្បី​ពង្រឹង​ឡើងវិញ​នូវ​ទំនាក់ទំនង​មិត្តភាព​ដ៏​ល្អ​ផូរផង់ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ស្និទ្ធស្នាល​រវាង​ប្រទេស​ទាំងពីរ​។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ផងដែរ​។​

​បន្ទាប់មក ឯកឧត្តម ប្រាក់ សុខុន នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​តួ​ក​គី នៅ​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០២២​។ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម ប្រាក់ សុខុន នឹង​ជួបពិភាក្សា​ផ្លូវការ​ជាមួយ ឯកឧត្តម Mevlüt Çavuşoğlu រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​តួ​ក​គី ដែល​ក្នុងពេលនោះ ភាគី​ទាំងពីរ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការទប់ស្កាត់​ការ​គេច​សារពើពន្ធ​ទាក់ទង​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពិធីការ​។ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ នឹងចូលរួម​ក្នុង​ពិធី​សម្ពោធ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ទីក្រុង​អង់កា​រ៉ា និង​ធ្វើជា​សហប្រធាន​រៀបចំ​ពិធីជប់លៀង​ជាមួយ​ឯកអគ្គ​រដ្ឋ​/​រាជទូត​អាស៊ាន​នៅ​ទីក្រុង​អង់កា​រ៉ា​៕ ដោយ​:​ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner