ចំណងចិន-រុស្សី ធ្វើឱ្យលោកខាងលិចភ័យអំពីវិបត្តិនៅប្រទេសអ៊ុយក្រែន
កាលពីថ្ងៃសៅរ៍ ទី១៩ កុម្ភៈ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យីបានជំរុញឱ្យមានការចរចាដើម្បីស្វែងរកដំណោះស្រាយជម្លោះនៅទ្វីបអឺរ៉ុប ហើយនិយាយថាអធិបតេយ្យភាពអ៊ុយក្រែនគឺគួរតែត្រូវបាន «គោរព និងការពារ» ប៉ុន្តែស្របពេលជាមួយគ្នានេះលោកក៏បានបង្ហាញការគាំទ្រចំពោះរុស្សី ដោយនិយាយថាការពង្រីកសមាជិកភាពរបស់អង្គការ គឺកំពុងបង្កអស្ថិរភាពនៅលើទ្វីបនេះ។
ក្នុងការថ្លែងសុន្ទរកថាតាមវីដេអូទៅកាន់សន្និសីទសន្តិសុខក្រុងម៉ុយនិច លោកវ៉ាងបាននិយាយថា៖ «ប្រសិនបើណាតូបន្តពង្រីកទៅទិសខាងកើត តើវាអំណោយផលដល់ការរក្សាសន្តិភាព និងស្ថិរភាពនៅអឺរ៉ុបដែរឬទេ?»។
មន្ត្រីលោកខាងលិចជាច្រើនបាននិយាយថាពួកគេមានភាពភ្ញាក់ផ្អើលចំពោះអ្វីដែលពួកគេមើលឃើញថាជារីកលូតលាស់ចំណងទាក់ទងមួយ ដែលនឹងធ្វើឱ្យមានការប្រែប្រួលតុល្យភាពអំណាចពិភពលោក។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកចន ឃឺប៊ីរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងឃ្លាំមើល «ទំនាក់ទំនងដែលកំពុងរីកចម្រើន» រវាងចិន និងរុស្សី។ លោកបាននិយាយថា សេចក្តីថ្លែងការណ៍រួមចេញផ្សាយដោយប្រទេសទាំងពីរកាលពីដើមខែកុម្ភៈ នៅពេលដែលប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន នៃប្រទេសរុស្ស៊ី និងលោក ស៊ី ជីនពីង នៃប្រទេសចិនបានជួបប្រជុំគ្នានៅទីក្រុងប៉េកាំងបានបង្ហាញថាប្រទេសចិនកំពុងឈរនៅពីក្រោយការប្រមូលផ្ដុំយោធារបស់លោកពូទីននៅជុំវិញអ៊ុយក្រែន។
ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប្រទេសទាំងពីរបានចរចាលើកិច្ចសន្យារយៈពេល ៣០ ឆ្នាំសម្រាប់រុស្ស៊ីក្នុងការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសចិនតាមរយៈបំពង់បង្ហូរថ្មី។ ពួកគេបានរារាំងការទាមទារពីទីក្រុងវ៉ាស៊ីនតោនឱ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើងជុំវិញការសាកល្បងមីស៊ីលថ្មី បើទោះបីជាប្រទេសទាំងពីរបានយល់ព្រមលើការដាក់ទណ្ឌកម្មស្រដៀងគ្នាពីមុនមកក៏ដោយ។ ហើយរុស្សីបានចល័តទាហានជាច្រើនពីស៊ីបេរីនៅភាគខាងកើតទៅកាន់ភាគខាងលិចរបស់ខ្លួនវិញ ដែលជាសញ្ញាមួយបង្ហាញថា ទីក្រុងមូស្គូ មានភាពជឿជាក់លើប្រទេសចិនតាមព្រំដែនរួមគ្នារបស់ពួកគេនៅភាគខាងកើត។
ចំណងទាក់ទងរុស្សី-ចិនឈានដល់កម្រិតកំពូលដោយការចេញផ្សាយសេចក្ដីថ្លែងការណ៍រួមខាងលើ ដែលនិយាយថាភាពជាដៃគូរបស់ពួកគេគឺ «មិនមានដែនកំណត់ទេ»។ សេចក្ដីថ្លែងការណ៍នេះត្រូវបានគេមើលឃើញថាជាចំណុចរបត់នៃទំនាក់ទំនងរុស្សី-ចិន ហើយគឺជាលើកដំបូងដែលចិនបានចូលរួមមួយរុស្សីក្នុងការប្រឆាំងការពង្រីករបស់អង្គការណាតូ។ ប្រទេសទាំងពីរក៏បានរិះគន់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ទីក្រុងវ៉ាស៊ីនតោន និងភាពជាដៃគូសន្តិសុខថ្មី AUKUS ដែលរួមមានអង់គ្លេស និងអូស្ត្រាលី។ រុស្សីក៏បានទទួលស្គាល់ថាកោះតៃវ៉ាន់គឺជា «ផ្នែកមួយ ដែលមិនអាចកាត់ផ្ដាច់បានរបស់ប្រទេសចិន»។
ចិន និងរុស្សីក៏បានប្រកាសថាពួកគេនឹងធ្វើការជាមួយប្រទេសផ្សេងទៀតដើម្បី «លើកកម្ពស់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ» និងប្រឆាំងនឹងមនោគមវិជ្ជា និងស្ថាប័នដែលដឹកនាំដោយអាមេរិក ពោលគឺការកសាងសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយ។
ការពង្រឹងទំនាក់ទំនងចិន-រុស្សីអាចបង្ហាញពីការកំណត់រចនាសម្ព័ន្ធឡើងវិញនៃអំណាចត្រីកោណ ដែលកំណត់សង្គ្រាមត្រជាក់ និងដែលប្រធានាធិបតីអាមេរិករីឆាត នីកសុនបានកេងប្រវ័ញ្ចកាលពី ៥០ ឆ្នាំមុន នៅពេលដែលលោកធ្វើដំណើរទៅកាន់ក្រុងប៉េកាំង ដើម្បីបង្កើតទំនាក់ទំនង ដើម្បីទប់ទល់នឹងសហភាពសូវៀត។ កាលនោះទំនាក់ទំនងរវាងក្រុងប៉េកាំង និងក្រុងមូស្គូ បានធ្លាក់ដល់ចំណុចទាបបំផុតជុំវិញជម្លោះមនោគមវិជ្ជាកុម្មុយនិស្ត និងគោលនយោបាយការបរទេស។ ប៉ុន្តែត្រឡប់មកសព្វថ្ងៃវិញ អ្វីផ្ទុយពីនេះគឺកំពុងកើតឡើង។
បើទោះបីជាទំនាក់ទំនងក្រុងប៉េកាំង និងក្រុងមូស្គូបានប្រសើរឡើងក៏ដោយ ការរីកចម្រើននេះគឺដោយសារពួកគេមានសត្រូវរួមគឺអាមេរិក ហើយជម្លោះមនោគមវិជ្ជា និងគោលនយោបាយរវាងប្រទេសទាំងពីរគឺនៅមិនទាន់ដោះស្រាយទាំងស្រុងឡើយ។ អ្នកវិភាគមួយចំនួនបាននិយាយថាដើម្បីប្រឆាំងរុស្សីលោកបៃដិនអាចធ្វើការផ្គាប់ចិត្តលោកស៊ី ដើម្បីរារាំងការរីកចម្រើនបន្ថែមជាមួយរុស្សី៕

ប្រភព៖ New York Times