អូស្ត្រាលី​ចោទ​ចិន​ថា «បង្ក​សកម្មភាព​គំរាមកំហែង» ដោយ​បាញ់​ភ្លើង​ឡាស៊ែរ​លើ​យន្តហោះ​ស៊ើបការណ៍​ខ្លួន

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ស្កុត ម៉ូរីសុន កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​បាន​ចោទ​ចិន​ថា​ «បង្ក​សកម្មភាព​គំរាមកំហែង» ដោយ​នាវា​របស់​ប្រទេស​នេះ​បាន​បាញ់​ភ្លើង​ឡាស៊ែរ​ទៅ​កាន់​យន្តហោះ​ស៊ើបការណ៍​របស់​ខ្លួន​ប្រភេទ P-8A Poseidon ដែល​ល្បាត​នៅ​ដែនដី​ភាគ​ខាង​ជើង​អូស្ត្រាលី​កាល​ពី​សប្ដាហ៍​មុន។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន នៅ​ពេល​ដែល​នាវា​ចម្បាំង​របស់​ចិន​ស្ថិត​នៅ​ត្រង់​ចំណុច​មួយ​នៃ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ (EEZ) របស់​អូស្ត្រាលី​ ក្នុង​សមុទ្រ​Arafura ដោយ​​ខ័ន​​ចែក​រវាង​អូស្ត្រាលី​ និង​កោះ​ហ្គីណេ​ថ្មី។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី។

ខាង​ចិន​នៅ​មិន​ទាន់​ឆ្លើយតប​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ​ទេ។

លោក ម៉ូរីសុន បាន​លើកឡើង​ថា៖ «ខ្ញុំ​អាច​មើល​ឃើញ​ថា​សកម្មភាព​នេះ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​គំរាមកំហែង​នោះ​ទេ»។ លោក​បាន​បន្ថែម​ថា៖ «អូស្ត្រាលី​នឹង​មិន​ទទួល​យក​សកម្មភាព​ដូច្នេះ​ឡើយ»។

ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ។

លោក​ចោទ​ជា​សំណួរ​ថា ប្រសិន​បើ​នាវា​ចម្បាំង​របស់​អូស្ត្រាលី​បាញ់​ឡាស៊ែរ​ទៅ​កាន់​យន្តហោះ​ស៊ើបការណ៍​របស់​ចិន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ «តើ​អ្នក​អាច​ស្រមៃ​ទេ​ថា នឹង​មាន​ប្រតិកម្ម​បែប​ណា​លើ​បញ្ហា​នេះ​ពី​អ្នក​នៅ​ទីក្រុង​ប៉េកាំង?»​។

កម្លាំង​នយោបាយ​ទាំង​ខាង​ប្រឆាំង​ និង​ក្រុម​អ្នក​កាន់​អំណាច​ ក៏​ដូច​ជា​អ្នក​សិក្សា​អូស្ត្រាលី​នានា​យល់​ស្រប​គ្នា​ថា សកម្មភាព​នេះ​ជា​រឿង​មួយ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​សន្តិសុខ​ជាតិ​អូស្ត្រាលី។

កាល​ពី​ឆ្នាំ២០១៩ ចិន​ក៏​ធ្លាប់​បាញ់​ភ្លើង​ឡាស៊ែរ​ទៅ​កាន់​យន្តហោះ​ស៊ើបការណ៍​របស់​អូស្ត្រាលី តែ​នៅ​កាល​នោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន ABC៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner