តួលេខភ្ញៀវទេសចរធ្លាក់ចុះចុងសប្តាហ៍នេះខណៈវីរុសឆ្លងអូមីក្រុងកម្រើកសាជាថ្មី (Video Inside)
ចរន្តភ្ញៀវកំសាន្តនៅតាមគោលដៅទេសចរណ៍ មានការថមថយខ្លះនាចុងសប្តាហ៍នេះ ខណៈការឆ្លងជំងឺកូវីដ១៩ បានស្ទុះសាជាថ្មីវិញ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងជុំវិញការធ្លាក់ចុះនេះ ដោយបញ្ជាក់ថាតួលេខភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួន ១៩ម៉ឺន៩ពាន់៦៧ នាក់ ក្នុងនោះមានភ្ញៀវជាតិ១៨ម៉ឺន៨ពាន់៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១ម៉ឺន៩៨៦នាក់។
យោងតាមតួលេខនេះ ទេសចរណ៍បានធ្លាក់ចុះ៩កណ្តក់សញ្ញា៤៤% បើប្រៀបធៀបនឹង ចុងសប្តាហ៍កន្លងមក។ គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាដែលភ្ញៀវធ្វើទស្សនកិច្ច កំសាន្ត រួមមានខេត្តព្រះសីហនុ ៤ម៉ឺន៥ពាន់២១៦នាក់, រាជធានីភ្នំពេញ ២ម៉ឺន៤ពាន់៨០៤ នាក់, ខេត្តពោធិ៍សាត់ ២ម៉ឺន៤ពាន់៧៤១នាក់, ខេត្តបាត់ដំបង ២ម៉ឺន២ពាន់៨៤២នាក់, ខេត្ត សៀមរាប ១ម៉ឺន៦ពាន់៥៦៧នាក់ និងខេត្តកំពត ១ម៉ឺន៤ពាន់៧៤៦នាក់។