ក្រុមកីឡាករជិះសេះកម្ពុជាប្តេជ្ញាស្វែងរកមេដាយជូនប្រទេសជាតិក្នុងកីឡាស៊ីហ្គេម (Video Inside)
ក្រុមកីឡាជិះសេះកម្ពុជា បានប្តេជ្ញាស្វែងរកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជាក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ លោកស្រី ទេព ម៉ូណា ត្រូវបានគេដកស្រង់សម្តី ដែល បញ្ជាក់ថា សហព័ន្ធរបស់លោកស្រី បាននឹងកំពុងសម្លឹងឆ្ពោះទៅរកមេដាយមាស នៅក្នុង ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាមួយភាពជឿជាថាកីឡាករដែលកំពុងហ្វឹកហាត់ជាមួយគ្រូបង្វឹកខ្មែរ និងអ្នកជំនាញមកពីប្រទេសបារាំងថែមទៀតនោះ នឹងអាច ស្វែងរកមេដាយជួនប្រទេសជាតិ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២០កុម្ភៈ សហព័ន្ធបានបញ្ចប់ ការប្រកួតកីឡាជិះសេះជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ លើវិញ្ញាសាលោត ផ្លោះរបារ(Jumping) ដោយជោគជ័យ នៅមជ្ឈមណ្ឌលកីឡា Cambodian Country Club ។
លោកស្រី ទេព ម៉ូណា បានថ្លែងថា សហព័ន្ធបានវាយតម្លៃខ្ពស់លើលទ្ធផលបច្ចេកទេស របស់កីឡាករ-កីឡាការិនី ដែលមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយវិញ្ញាសាជិះ សេះលោតផ្លោះរបារនេះ ។
គួរបញ្ជាក់ថាលទ្ធផលការប្រកួតជើងឯកថ្នាក់ជាតិ លើវិញ្ញាសា Jumping, សម្រាប់លេខ១ បានទៅកីឡាករ គិរី ចាន់តុលា, លេខ២ អ្នកអង្គម្ចាស់ នរោត្តម អម្រិតា និងលេខ៣ ស្ទួនបានទៅកីឡាករ គង់ រតនា និងកីឡាករ គ្រី សារឿន ។