មួយឆ្នាំមនុស្សស្លាប់ និងរបួសដោយគ្រោះធម្មជាតិមានជាង២៣០នាក់ (Video Inside)
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បានថ្លែងថាគ្រោះធម្មជាតិរយៈពេលមួយឆ្នាំកន្លង មក បានធ្វើឲ្យមនុស្សស្លាប់និងរបួសជាង ២៣០នាក់។ គ្រោះមហន្តរាយធម្មជាតិ គឺសំដៅ លើករណីទឹកទឹកជំនន់, ខ្យល់កន្ត្រាក់ និងរន្ទះបាញ់។
នៅក្នុងកិច្ចប្រជុំសម្របសម្រួលរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អង្គការដៃគូនៅថ្ងៃទី២១ខែកុម្ភៈនេះ អនុប្រធាន និងជាអគ្គលេខាធិការគ្រប់គ្រងគ្រោះ មហន្តរាយ លោក ឡាំ ហេងហួត បានថ្លែងថា ក្នុងឆ្នាំ២០២១ គ្រោះទឹកជំនន់ បានកើតលើ ១៨រាជធានីខេត្ត, ប៉ះពាល់ពលរដ្ឋជិត ៥ម៉ឺនគ្រួសារ និងបណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៣ នាក់។
លោក បានបន្តថា នៅឆ្នាំដដែលនោះ បញ្ហាគ្រោះមហន្តរាយ ដែលបង្កឡើងដោយខ្យល់កន្ត្រាក់ ក៏បានបណ្ដាលឲ្យមនុស្សចំនួន ៩នាក់ស្លាប់ និងរបួស ចំនួន ៧៦នាក់ ខណៈ បាតុភូតរន្ទះបាញ់ បានធ្វើឲ្យមនុស្សចំនួន ៨៣នាក់ស្លាប់ និងរបួស ៥០នាក់ និងមានងាប់ គោក្របី ចំនួន ៥៧ក្បាល។
លោក ឡាំ ហេងហួត បានថ្លែងកត់សម្គាល់ថាគ្រោះមហន្តរាយបានកើតឡើងជារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជា ប៉ុន្តែអត្រានៃអ្នកស្លាប់ និងរបួសក្នុងឆ្នាំកន្លងមកនេះ មានការថយចុះ ដែលការថយចុះនេះ គឺដោយសារមានការចូលរួមពីគ្រប់ភាគីនានា ដែលមានស្ថាប័នរដ្ឋ និងអង្គការដៃគូជាដើម ដែលបានជួយសង្គ្រោះពលរដ្ឋ បានទាន់ពេលវេលា។