ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការគ្នាក្នុងការបំពាក់ជំនាញវិជ្ជាជីវៈកម្រិតឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មទៅដល់និស្សិតកម្ពុជា
ភ្នំពេញ៖ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងភាគីទាំងពីរ គឺដើម្បីផ្ដល់ឱកាសដល់និស្សិតកម្ពុជា ដែលមានសមត្ថភាពសក្ដិសមនឹងទទួលអាហារូបករណ៍ថ្នាក់បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាប័ត្ររងលើជំនាញ វិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្ម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា៖“ នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទីបួននេះផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (Data Science and Artificial Intelligence) គឺជាកត្តាចម្បងដើម្បីអភិវឌ្ឍន៍បដិវត្តន៍ទី4នេះ។ ខ្ញុំមានសុទិដ្ឋិនិយមថា កម្មវិធីសិក្សាដែលយើងបានរៀបចំ នឹងបង្កើតធនធានយុវជនដែលមានសម្ថភាពច្បាស់លាស់ដែលអាចបង្កើតដំណោះស្រាយច្នៃប្រឌិត លើវិស័យបច្ចេកវិទ្យា សុខមាលភាព ទូរគមនាគមន៍ និងហិរញ្ញវត្ថុ និងវិស័យផ្សេងទៀតផងដែរ ។

ឯកឧត្ដមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យបានមានប្រសាសន៍ថា “សាកលវិទ្យាល័យភូមិន្ទភ្នំពេញពិតជាត្រូវការ ការចូលរួមពីគ្រប់ស្ថានប័នទាំងអស់ ដើម្បីផលិតធនធានមនុស្ស សម្រាប់ប្រទេស។ អនុស្សរណៈយោគយល់ត្រូវបានចុះហត្ថលេខាដោយលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី និងលោកបណ្ឌិត អ៊ុ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកបណ្ឌិត ងួនផាន់ ភក្ដី ព្រឹទ្ធបុរស មហាវិទ្យាល័យវិស្វកម្មបានមានប្រសាសន៍ថា “តាមរយៈថវិកា របស់រាជរដ្ឋាភិបាល នៅក្នុងគម្រោងកែលម្អការអប់រំឧត្តមសិក្សា និងជាពិសេសស្ថិតក្រោមការណែនាំនិងជួយជ្រុំជ្រែងពីឯកឧត្តមសាកលវិទ្យាធិការ មហាវិទ្យាល័យវិស្វកម្មបានទទួលការអនុញ្ញាតិ ពីក្រសួងអប់រំយុវជននិងកីឡា ឱ្យទទួលនិស្សិតសិក្សាមុខជំនាញវិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នេះ។
សម្រាប់ការចុះហត្ថលេខានៅថ្ងៃនេះ ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) បានផ្តល់អាហាររូបករណ៍ថ្លៃសិក្សា ដល់និស្សិតចំនួន ៨នាក់ សម្រាប់រយៈពេលបួនឆ្នាំ ដែលមាន ថវិកាសរុបចំនួន ៨ម៉ឺនដុល្លារ ស្មើប្រមាណជាង ៣២០លានរៀល ។ ខ្ញុំសូមអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមចុះឈ្មោះចូលរួមប្រឡងដើម្បីទទួលបានអាហាររូបករណ៍នេះផងដែរ។”

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា “ ក្នុងនាមក្រុមហ៊ុនដែលផ្ដល់ សេវាកម្មបច្ចេកវិទ្យាឧបករណ៍វិភាគទិន្នន័យ យើងបានដឹងច្បាស់ពីដំបូងថា វិស័យបច្ចេកវិទ្យាមានការវិវឌ្ឍលឿនណាស់។ យើងមានសេចក្ដីសោមនស្សទទួលស្វាគមន៍កិច្ចសហការនេះ ដែលជាផ្នែកមួយនៃកិច្ចការងារទំនួលខុសត្រូវសង្គមដែលជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនាញវិជ្ជាជីវៈទៅដល់និស្សិត ហើយក៏ដូចជាបានជួយរៀបចំឲ្យប្អូនៗបានត្រៀមខ្លួនជាសសរទ្រូងនៅក្នុងវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ផងដែរ ៕“ ដោយ៖ ឈឹម ទីណា