សម្តេចចក្រីប្រធានរដ្ឋសភា ស្នើឱ្យនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជំរុញ វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងបណ្តុះបណ្តាល ធនធានមនុស្សដល់កម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើ ឯកឧត្តម អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Bin YAAKOB) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ជួយជំរុញ វិស័យ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងបណ្តុះបណ្តាល ធនធាន មនុស្ស ដល់កម្ពុជា ។
ការស្នើរបស់សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាស អនុញាត ឱ្យ ឯកឧត្តម អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តមបានដឹក នាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា ពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកុម្ភៈ ។


ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចចក្រីហេង សំរិន បានសម្តែងក្តី សោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូនៅព្រះរាជាណា ចក្រ កម្ពុជា។ សម្តេចបានចាត់ទុក ដំណើរទស្សនកិច្ចនាពេលនេះ នឹង រួមចំណែកបន្ថែម ក្នុងការពូនជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាង ៦០ឆ្នាំមកនេះ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។
ក្រៅពីការថ្លែងអំណរគុណចំពោះម៉ាឡេស៊ីដែលជួយគំាទ្រកម្ពុជានៅក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសរហូតមក សម្តេច ប្រធានរដ្ឋសភា បានស្នើដល់ភាគីម៉ាឡេស៊ីជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ពីប្រទេសម៉ាឡេស៊ី មកកម្ពុជាបន្ថែម ទៀត។ ជាមួយគ្នានេះ សម្តេចបានស្នើសូមឯកឧត្តមនាយករដ្ឋមន្រ្តី ពិនិត្យលទ្ធភាពបន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តី រាជការ និងនិស្សិតកម្ពុជា ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍ ប្រទេស ។
ចំណែកឯកឧត្តម អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានជម្រាប សម្តេចចក្រី ហេង សំរិន ពីលទ្ឋផលនៃជំនួបពិភាក្សាការងារ ជាមួយ សម្តេចនាយករដ្ឋមន្រ្តី នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។


សម្តេចចក្រី ហេង សំរិន បានសងេ្កតឃើញថា រដ្ឋាភិបាលទាំងពីរ មានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ពិសេសក្នុងក្រខណ្ឌអាស៊ាន។ រដ្ឋសភា វាយតម្លៃ ខ្ពស់ ចំពោះ រដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានបង្កើតកិច្ចព្រមព្រៀង និងអនុស្សរណៈនានា ជាមួយគ្នា សំដៅត្រួសត្រាយឱ្យមាន យន្តការ គាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាតំបន់ និងអន្តរជាតិ។ រដ្ឋសភា កម្ពុជាពេញចិត្ត និងគាំទ្រកិច្ចសហប្រតិបត្តិការពហុវិស័យ ដែល ស្ថាប័ន នីតិប្រតិបត្តិ នៃប្រទេសទាំងពីរ បានធ្វើរួមគ្នា និងសូមលើក ទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ស្របតាម ការវិវឌ្ឍ នៃសភាពការណ៍សកលលោកបច្ចុប្បន្ន។
សម្តេចចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជានិងម៉ាឡេស៊ី បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ គ្នាយ៉ាង ច្រើនផងដែរ តាមរយៈការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកា អន្តរសភាតំបន់ និងសកលលោក មានដូចជា AIPA និង IPU ជាដើមនោះ។
ឯកឧត្តម អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានថ្លែងអំណរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានជំរុញទំនាក់ទំនងកិច្ចសហ ប្រតិបត្តិ ការ រ វាងរដ្ឋសភាប្រទេសទាំងពីរ តាមរយៈក្រុមមិត្តភាពសភាកម្ពុជា-ម៉ាឡេស៊ី។ ឯកឧត្តម នាយករដ្ឋមន្រ្តី បានគោរពអញ្ជើញ សម្តេច ប្រធាន រដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញ ទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី តាមពេលវេលាសមស្រប ណា មួយ៕
ដោយ ៖ ហេង សម្បត្តិ







