ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ យានយន្ត ៧៣៧គ្រឿង
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នគរបាលទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ៧៣៧គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៥៩១គ្រឿង និងរថយន្ត ១៤៦គ្រឿង។ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ក្នុងឆ្នាំ២០២២ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ៣៥,៦៣៣គ្រឿង ក្នុងនោះមានម៉ូតូ ២៦,៩៤៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ៨,៦៩០គ្រឿង។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ទូរស័ព្ទ ស្លាកលេខ បត់ជែង លើសចំណុះ ស្រវឹង និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ ស្រវឹង លើសចំណុះ ខ្សែក្រវ៉ាត់ ឆៀក អាជីវកម្ម និងទូរស័ព្ទជាដើម។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ចំនួន ០៣នាក់ របួស ១១នាក់ (របួសធ្ងន់ ០៩នាក់)។ រយៈពេល៥៥ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥៥៧លើក បណ្ដាលឱ្យមនុស្សស្លាប់ ៣១៤នាក់ របួស ៧៥៦នាក់ (របួសធ្ងន់ ៤៩២នាក់)៕ ដោយ ប៊ុនធី

