សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រៀមវាយប្រហារសេដ្ឋកិច្ចរុស្ស៊ី បន្ទាប់ពីលោក Putin បើកការវាយប្រហារលើអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ពីទីក្រុងម៉ូស្គូថា រុស្ស៊ីចាប់ផ្តើមប្រតិបត្តិការសកម្មភាពយោធានៅអ៊ុយក្រែន ហើយក៏មានសេចក្ដីរាយការណ៍មកថា មានសម្លេងផ្ទុះជាច្រើនក្នុងរដ្ឋធានីកៀវ និងក្រុងនានាដែលនៅជួរមុខជិតព្រំដែនជាប់រុស្ស៊ី រួមទាំងតំបន់ផ្ដាច់ខ្លួននៃភាគខាងកើតរបស់ប្រទេស។
ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ថ្កោលទោសការវាយប្រហារនេះ តាមរយៈសេចក្តីថ្លែងការណ៍មួយថា៖ «ពិភពលោកនឹងឱ្យរុស្ស៊ីទទួលខុសត្រូវ។ រុស្ស៊ីនឹងត្រូវរ៉ាប់រងចំពោះការស្លាប់ និងការខូតខាតដែលការវាយប្រហារធ្វើឱ្យមានផលប៉ះពាល់ ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួមទាំងដៃគូ នឹងឆ្លើយតបដោយឯកភាពគ្នា»។
ក្នុងសុន្ទរកថាតាមទូរទស្សន៍ថ្នាក់ជាតិមុនការវាយលុក លោក Putin និយាយថា រុស្ស៊ីមិនមានគម្រោងកាន់កាប់ប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួនទេ ប៉ុន្តែនិយាយថា សកម្មភាពគឺចាំបាច់បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តឆ្លងហួស «បន្ទាត់ក្រហម» របស់រុស្ស៊ីដោយការពង្រីកសម្ព័ន្ធភាពណាតូ។
ចំណែកឯប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ឯណោះវិញ ថ្លែងបន្ទាប់ពីនិយាយជាមួយលោក Biden ថា៖ «រុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធារបស់យើង និងអ្នកការពារព្រំដែនរបស់យើង»។ លោកក៏បានជំរុញឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ ហើយនៅផ្ទះប្រសិនបើអាច ទាំងនិយាយទៀតថា «យើងកំពុងធ្វើការ។ កងទ័ពកំពុងដំណើរការ»។
កាលពីថ្ងៃពុធ មន្ត្រីអឺរ៉ុប និងអាមេរិកព្យាយាមគំរាមរុស្ស៊ី ដោយឆ្លើយតបទៅនឹងការដាក់ពង្រាយទ័ពរបស់ខ្លួនទៅកាន់ភាគខាងកើតអ៊ុយក្រែនជាមួយនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
ស្របពេលដែលការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការឈ្លានពានរបស់រុស្ស៊ីនឹងកើនឡើង អ៊ុយក្រែនព្រមានពលរដ្ឋរបស់ខ្លួនឱ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងឱ្យចាកចេញពីប្រទេសជាបន្ទាន់ ប្រសិនបើពួកគេនៅទីនោះ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីលោក Putin និយាយកាលពីថ្ងៃពុធថា ទីក្រុងម៉ូស្គូ «តែងតែបើកចំហ» ចំពោះការទូត ប៉ុន្មានថ្ងៃបន្ទាប់ពីបញ្ជាកងទ័ពចូលទៅក្នុងភាគខាងកើតអ៊ុយក្រែន និងទទួលស្គាល់ឯករាជ្យនៃសាធារណរដ្ឋរបស់ពួកបំបែកខ្លួន។
ជាមួយគ្នានោះ សហភាពអឺរ៉ុបបានកំណត់ឱ្យបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការដាក់ទណ្ឌកម្មមួយផ្សេងទៀតលើអភិជនជាន់ខ្ពស់រុស្ស៊ី ស្របពេលមន្ត្រីមកពីចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកក៏បានប្រកាស ឬគំរាមកំហែងវិធានការឆ្លើយតបបន្ថែមទៀត។



ប្រភព៖ CNBC