ប្រទេសអាស៊ានធ្វើប្រតិកម្មយ៉ាងប្រុងប្រយ័ត្នក្នុងព្រឹត្តិការណ៍វាយប្រហារនៅអ៊ុយក្រែន (Video Inside)
ប្រទេសក្នុងអាស៊ាន បានធ្វើប្រតិកម្មយ៉ាងប្រុងប្រយ័ត្នក្នុងការឆ្លើយតបចំពោះព្រឹត្តិការណ៍ ជម្លោះវាយប្រហាររវាងរុស្ស៊ី និងប្រទេសអ៊ុយក្រែន។
សេចក្តីរាយការណ៍កាសែតបាងកកប៉ុស្តិ៍ ថ្ងៃទី២៥កុម្ភៈ បានដកស្រង់សេចក្តីថ្លែងការណ៍ព្រាងដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន ទាំង ១០ ដែលសរសេរថា គេសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា, បន្តការសន្ទនាតាមគ្រប់បណ្តាញរួមទាំងមធ្យោបាយការទូតដើម្បីទប់ស្កាត់ស្ថានការណ៍ហិង្សា, ទប់ស្កាត់កុំឱ្យមានភាពតានតឹងកើនឡើងបន្ថែមទៀត និងស្វែងរកដំណោះស្រាយ ដោយសន្តិ វិធីស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍ព្រាង របស់រដ្ឋមន្ត្រីការបរទេសអាស៊ាននេះ បានទន្ទឹមនឹងថ្ងៃវាយលុកទី២របស់កងកម្លាំងរុស្ស៊ីចូល ក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានប្រកាសការវាយ លុកកាលពីថ្ងៃព្រហស្បតិ៍នោះមក។
ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានថ្លែងថាពលរដ្ឋអ៊ុយក្រែនយ៉ាងហោច ១៣៧ នាក់ រាប់បញ្ចូលទាំងជនស៊ីវិល និងយោធា បានបាត់បង់ជីវិតនៅថ្ងៃទីមួយនៃការវាយប្រហារ ។ តួលេខអ្នករងរបួសក្នុងថ្ងៃទី១នោះផងដែរ ត្រូវគេរាយការណ៍ថាមានចំនួន ៣១៦នាក់។ ការវាយលុកបានរំកិលមកកាន់តែកៀកក្រុងគៀវ ដែលជារដ្ឋធានីនៃប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានប្ដេជ្ញាថាលោកនឹងបន្តស្ថិតនៅក្នុង ទីក្រុងគៀវរបស់លោក ទន្ទឹមនឹងការបង្ហាញក្តីអស់ សង្ឃឹមថានឹង គ្មានការជួយធ្វើអន្តរាគមន៍យោធាណាមួយពីប្រទេសមហាអំណាចជួយអ៊ុយ ក្រែននោះឡើយ។ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានព្រមានថារុស្ស៊ី នឹងធ្វើការវាយតបត ទៅវិញជាមិនខាន បើសិនជាប្រទេស ណាមួយហ៊ានលូកដៃក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន នាពេលនេះ។
កងកម្លាំងអ៊ុយក្រែនបាននិយាយនៅថ្ងៃសុក្រនេះថា គេបានបាញ់ទម្លាក់យន្តហោះ មួយគ្រឿង ហើយ យន្តហោះនោះ បានធ្លាក់ចុះមកលើអគារ ៩ ជាន់ បណ្ដាលឲ្យឆាប ឆេះ អគារនោះ ។
នៅឯប្រទេសរុស្ស៊ីវិញ ប្រជាជនបានតវ៉ាប្រឆាំងនឹងការដែលរុស្ស៊ីចូលទៅវាយប្រហារនៅក្នុង ប្រទេសអ៊ុយក្រែន ខណៈដែលរុស្ស៊ីកំពុងតែរងសម្ពាធទណ្ឌកម្ម និងការថ្កោលទោសពីអន្តរ ជាតិ ។ បាតុកររុស្ស៊ីជាងមួយពាន់នាក់ ត្រូវបានរងការឃាត់ខ្លួន បន្ទាប់ពីពួកគេបានតវ៉ាទាម ទារឲ្យ រដ្ឋាភិបាលក្រុងមូស្គូត្រូវដក កងទ័ពចេញពីប្រទេសអ៊ុយក្រែនមកវិញ ។