ខេត្តក្រចេះកម្ទេចសំណល់ជាតិផ្ទុះជាង៦ពាន់គ្រាប់ (Video Inside)
សំណល់ជាតិផ្ទុះសេសសល់ពីសង្គ្រាមជាង៦ពាន់គ្រាប់ ត្រូវបានកម្ទេចចោល នៅស្រុកសំបូរ ខេត្តក្រចេះ។ យោងតាមមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម, ការកម្ទេចគ្រាប់សេសសល់ប្រមាណ៦ពាន់២៧៤គ្រាប់ទាំងនេះ បានធ្វើឡើងនៅថ្ងៃសុក្រនេះ ក្នុងពិធីមួយស្ថិតនៅចំណុចអូរអណ្តាក់ ភូមិអូរព្រះ ឃុំអូរគ្រៀង នៃស្រុកសំបូរ។
គ្រាប់ដែលបានកម្ទេចថ្ងៃនេះ រួមមានគ្រាប់បែកចង្កោមប្រភេទ BLU 26 ចំនួន ១៦១គ្រាប់, BLU 61 ចំនួន១៦គ្រាប់, គ្រាប់DGA ០៦គ្រាប់, គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ ចំនួន ១៨គ្រាប់, គ្រាប់ត្បាល់៦០មីលីម៉ែត្រចំនួន២៩គ្រាប់, គ្រាប់PKM ៦ពាន់គ្រាប់ និងអំបែង និងលោហធាតុចំនួន២ពាន់៧ដុំ ស្មើនឹង៦៦៧គីឡូក្រាម។
យោងតាមទិន្និន័យជនរងគ្រោះ ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២១, មនុស្សរងគ្រោះថ្នាក់ ដោយសារគ្រាប់មិនទាន់ផ្ទុះក្នុងខេត្តក្រចេះ មានចំនួន ៧៧៣នាក់ ក្នុងនោះមនុស្សស្លាប់ដោយ សារគ្រាប់មិនទាន់ផ្ទុះមាន៣៥៨នាក់ និងរងរបួសមាន៤១៥នាក់។ ដោយឡែក នៅខែមករា និងខែ កុម្ភៈឆ្នាំ២០២២នេះ ខេត្តក្រចេះមានគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះចំនួន ១៣ករណី បណ្ដាលឲ្យមានអ្នករងរបួស៥នាក់ និងបាត់បង់ជីវិត៥នាក់ និងធ្វើឱ្យពិការចំនួន ៣នាក់។
ទីប្រឹក្សាអាជ្ញាធរមីន លោក សែម រតនា បានថ្លែងថា ខេត្តក្រចេះនៅសល់ផ្ទៃដី ប្រមាណ៨៣ គីឡូម៉ែត្រក្រឡាទៀត ដែលនៅប្រឈមនិងគ្រាប់មីន និងសំណល់ជាតិផ្ទុះពី សង្គ្រាម។ កម្ពុជាមានផែន ការបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។