អគ្គនាយកកីឡា បានអំពាវនាវ អោយវិស័យឯកជនជួយគាំទ្រកីឡាអត្តសញ្ញាណខ្មែរ ក្នុងន័យអភិវឌ្ឍ និងអភិរក្ស ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម នៅកម្ពុជា

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអំពាវនាវ អោយវិស័យឯកជនជួយគាំទ្រកីឡាអត្តសញ្ញាណខ្មែរ ក្នុងន័យអភិវឌ្ឍ និងអភិរក្ស ជាពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា ។ ការថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលដំបូលទូក នៃសកលវិទ្យាភូមិន្ទភ្នំពេញ បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៣ថ្ងៃ ទទួលបានលទ្ធផលល្អ ក្នុងការពង្រឹងគុណភាពបន្ថែម នៃក្បាច់គុណប្រពៃណីព្រលឹងជាតិ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ ក៏ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរួមគ្នារបស់សហព័ន្ធ និងដៃគូអភិវឌ្ឍ ដែលធ្វើឲ្យការប្រកួតគុនល្បុក្កតោទទួលបាននូវលទ្ធផលល្អប្រសើរ ។ ដូចជាការរៀបចំ ការងារបច្ចេកទេសមានវឌ្ឍនភាព ជាវិជ្ជមានជាច្រើន ។ «កីឡាករ កីឡាការិនីល្បុក្កតោបច្ចេកទេស និងមានទេព្យកោល្យខ្ពស់ ទាំងទម្រង់ប្រយុទ្ធ និងទម្រង់សម្តែង ដែលបង្ហាញពីសមត្ថភាព ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងប្រកបដោយភាពជឿជាក់ និងក្តីសង្ឃឹមខ្ពស់ផងដែរ» ។

ឯកឧត្តម អគ្គនាយក ក៏បានលើកទឹកចិត្តអោយក្រុមហ៊ុន សម្រស់ធម្មជាតិ ជាដៃគូផ្សព្វផ្សាយ និងអភិវឌ្ឍន៍ក្បាច់គុនប្រពៃណីព្រលឹងជាតិខ្មែរ បន្តការឧបត្ថម្ភគាំទ្រកីឡាអត្តសញ្ញាណជាតិមួយនេះ ដល់កូនចៅជំនាន់ក្រោយៗទៀត ។ ជាមួយគ្នានេះឯកឧត្តម ក៏បានអំពាវនាវ អោយវិស័យឯកជននានា ចូលរួមជួយគាំទ្រកីឡាអត្តសញ្ញាណខ្មែរ ក្នុងន័យអភិវឌ្ឍ និងអភិរក្ស ជាពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា ។

ឯកឧត្តម កែវ រ៉េមី អនុប្រធានសហព័ន្ធ មានប្រសាសន៍ថា ការប្រកួតនេះ ស្របគ្នានឹងទិសដៅត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គឺមានកិច្ចការងារជាច្រើនដែលត្រូវបំពេញក្នុងឋានៈជាម្ចាស់ នៃក្បាច់គុនប្រពៃណីព្រលឹងជាតិខ្មែរមួយនេះ ក្នុងទាំងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី គ្រូបង្វឹកអាជ្ញាកណ្តាលចៅក្រមក្នុងស្រុក និងធនធានមនុស្សនៅប្រទេសដែលជាសមាជិកផង ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់សម្រាប់ការប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣ ហើយជាពិសេសយើងនឹងមានការបង្ហាញទស្សនីយភាពដ៏ធំរបស់គុនល្បុក្កតោ ដែលមានអ្នកសម្តែងគុនល្បុក្កតោប្រមាណ ១០០០នាក់ នាស៊ីហ្កេម ឆ្នាំ២០២៣ ផងដែរ ។

គួរបញ្ជាក់ថា លទ្ធផលបច្ចេកទេសការប្រកួតជើងឯក សាលាគុនតារាជ (ខេត្តព្រះសីហនុ) ឈរលេខ១ ដណ្តើមបានមេដាយច្រើនជាងគេ មាស ៥ ប្រាក់៤ និងសំរឹទ្ធ១, លេខ២ ក្រសួងមហាផ្ទៃ មេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ៣, លេខ៣ សាលាគុនព្រះស៊ីសុវត្តិ (ភ្នំពេញ) មាស៣ និងសំរឹទ្ធ១ ៕ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner