កម្ពុជា-ជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ៤១លានដុល្លារ

ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន០២ ដែលមានតម្លៃប្រមាណ៤១លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន០២ ដូចជា៖
១.ការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារមីន ដំណាក់កាលទី២ ដែលមានទឹកប្រាក់ចំនួន ២.០០០ លានយ៉េន (ប្រមាណ១៧លានដុល្លារអាមេរិក) និង២.ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន ២.៧៨៦ លានយ៉េន (ប្រមាណ២៤លានដុល្លារអាមេរិក)។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕
ដោយៈពលជ័យ

ads banner