ប៉ូលិសចាប់ខ្លួនប្រធានក្រុមស្ម័គ្រចិត្តកម្ពុជា-ចិន និងបក្ខពួក ដែលប្រឌិតព័ត៌មានអំពីការបង្ខាំងមនុស្សធ្វើទារុណកម្ម និងធ្វើជាទាសករលក់ឈាម
ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនប្រធានក្រុមស្ម័គ្រចិត្តកម្ពុជា-ចិន និងបក្ខពួកក្នុងការរៀបចំគម្រោងប្រឌិតព័ត៌មានក្លែងក្លាយ អំពីការបង្ខាំងមនុស្សធ្វើទារុណកម្ម និងធ្វើជាទាសករលក់ឈាមនៅតំបន់ឆៃណាថោន ខេត្តព្រះ សីហនុ គឺជាព័ត៌មានប្រឌិតនិងធ្វើឲ្យប៉ះពាល់បរិយាកាសនិងចិត្តសាស្ត្រសង្គមព្រមទាំងធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណៈមតិជាតិ អន្តរជាតិជាច្រើន។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ AMS កាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈនេះថា ប្រធានក្រុមស្ម័គ្រចិត្តកម្ពុជា-ចិន និងបក្ខពួក ដែលសមត្ថកិច្ចចាប់ខ្លួនមានដូចជា ៖ ១. ឈ្មោះ CHEN BAO YONG មានតួនាទីជាប្រធានក្រុមស្ម័គ្រចិត្តកម្ពុជា-ចិន។ ២. ឈ្មោះ TAN XIAO MEI ភេទ ស្រី ជាគ្រូពេទ្យនៃមន្ទីរពេទ្យថៃខាង។ ៣. ឈ្មោះ CHEN XIAO HUA អ្នកមើលថែជំងឺ នៃក្រុមស្ម័គ្រចិត្តកម្ពុជា-ចិន និងទី៤. ឈ្មោះ LI YA YUAN LUN ជាអ្នកជំងឺ។
ទាក់ទងព័ត៌មាននេះ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយពីការចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះ សីហនុ គឺជាព័ត៌មានប្រឌិត និងធ្វើឲ្យប៉ះពាល់បរិយាកាស និងចិត្តសាស្ត្រសង្គម ព្រមទាំងធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណៈមតិជាតិ អន្តរជាតិជាច្រើន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំ នៃពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈនេះបានឲ្យដឹងថា រយៈពេលថ្មីៗកន្លងមកនេះ មានសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានធ្វើការ ផ្សព្វផ្សាយព័ត៌មានស្តីពីការចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះ សីហនុ ដោយបានធ្វើឲ្យប៉ះពាល់បរិយាកាស និងចិត្តសាស្ត្រសង្គម ព្រមទាំងធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់ សាធារណៈមតិជាតិ អន្តរជាតិជាច្រើន។


ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានអកុសលខាងលើ អគ្គស្នងការដ្ឋានគរជាតិ បានចង្អុលដឹកនាំអង្គភាពជំនាញ ឲ្យចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ ដោយធ្វើការត្រួតពិនិត្យទីតាំងពាក់ព័ន្ធជាច្រើនកន្លែង និងប្រមូលចម្លើយសាក្សីមួយចំនួន ព្រមទាំងបានរកឃើញថា ព័ត៌មានខាងលើជាព័ត៌មានប្រឌិត ដែលរៀបចំដោយឈ្មោះ LI YA YUAN LUN ភេទប្រុស ជនជាតិចិន អាយុ ៣១ឆ្នាំ (ស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យ ប៊ីធនកម្ពុជា-ចិន រាជធានីភ្នំពេញ) និងអ្នកពាក់ព័ន្ធចំនួន ០៣នាក់ ដែលក្នុងនោះ ៖
១.ឈ្មោះ LI YA YUAN LUN ដែលអះអាងថា ជាជនរងគ្រោះ ធាតុពិតជនរូបនេះបានលួចឆ្លងដែន ចូលប្រទេសកម្ពុជាដោយខុសច្បាប់ ប៉ុន្តែអាស្រ័យដោយមានជំងឺប្រចាំកាយ ក៏បានទាក់ទងមនុស្សមួយក្រុម ដើម្បីជួយរកវិធីដោះស្រាយបញ្ហារបស់ខ្លួន។
២.អ្នកពាក់ព័ន្ធចំនួន ០៣នាក់ គឺជាអ្នកជួយដល់ឈ្មោះ LI YA YUAN LUN ក្នុងការរៀបចំគម្រោងប្រឌិតព័ត៌មានក្លែងក្លាយអំពីការបង្ខាំងមនុស្សធ្វើទារុណកម្ម និងធ្វើជាទាសករលក់ឈាម ដើម្បីជាលេសជួយដល់ឈ្មោះ LI YA YUAN LUN គេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជា។
បច្ចុប្បន្ន ឈ្មោះ LI YA YUAN LUN និងអ្នកពាក់ព័ន្ធចំនួន ០៣នាក់ (ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។


ជាមួយគ្នានេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន សារព័ត៌មាន និង ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ធ្វើការកែសម្រួលឡើងវិញនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតខាងលើ ដើម្បីចៀសវាងការភ័ន្តច្រឡំពីសាធារណៈមតិជាតិ អន្តរជាតិ។ ទន្ទឹមគ្នានេះ សំណូមពរដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ គប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ ដោយមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសចៀសវាងធ្វើការសន្និដ្ឋាន ហេតុការណ៍ណាមួយដោយអត្តនោម័ត ពុំមានភស្តុតាងច្បាស់លាស់ នាំឲ្យប៉ះពាល់ដល់បរិយាកាសសង្គម និង បង្កឲ្យមានភាពភ័យខ្លាចដល់ទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគបរទេសនៅកម្ពុជា៕
ដោយៈ ពលជ័យ