ប៉ូលី​ស​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​​ ចាប់​ជនជាតិ​រុ​ស្ស៊ី​ជាង២​ពាន់​នាក់​​ចេញ​មុខ​តវ៉ា​ប្រឆាំង​ការ​វាយ​អ៊ុយ​ក្រែ​ន

អ្នក​ឃ្លាំមើល​ឯករាជ្យ​បាន​និយាយ​ថា ប៉ូ​លី​ស​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​បាន​ចាប់ខ្លួន​បាតុករ​ប្រឆាំង​សង្គ្រាម​ជាង ២.០០០​នាក់ ចំ​ថ្ងៃ​ទី​៤​ នៃ​ការ​ឈ្លានពាន​របស់​ប្រធានាធិបតី​រុ​ស្ស៊ី Vladimir Putin លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។

ការ​ចាប់ខ្លួន​បន្ថែម​ទៀត​កាលពី​ថ្ងៃ​ច័ន្ទ ទី​២៨ កុម្ភៈ ធ្វើ​ឲ្យ​ចំនួន​បាតុករ​រុ​ស្ស៊ី​ដែល​ត្រូវ​បាន​ចាប់ខ្លួន​តាំងពី​មានការ​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​មក​មាន​ចំនួន​៥.២៥០​នាក់​។

នៅ​ក្នុង​ទីក្រុង​ម៉ូ​ស្កូ ប៉ូ​លី​ស​កុបកម្ម​តែង​មាន​ចំនួន​ច្រើន​ជាង​ក្រុម​បាតុករ ដែល​បាតុករ​មួយ​ចំនួន​បាន​កាន់​បដា​សរសេរ​ដោយ​ដៃ​ជាមួយនឹង​សញ្ញា​សន្តិភាព និង​ពាក្យស្លោក​ប្រឆាំង​សង្គ្រាម​។ បាតុករ​ខ្លះ​ពាក់​ម៉ាស​ដែល​មាន​សរសេរ​ពាក្យ​ថា «​គ្រប់គ្រាន់​ហើយ​»។

អ្នករាយការណ៍​ម្នាក់​មក​ពី​ទូរទស្សន៍​ឯករាជ្យ Dozhd ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​បាតុកម្ម ទោះបី​គាត់​បាន​បង្ហាញ​ប័​ណ្ឌ​ទទួលស្គាល់​ផ្លូវការ​ទៅ​កាន់​ប៉ូ​លី​ស និង​ពាក់អាវ​សារ​ព៍​ត៌​មាន​ក្តី​។

ចំណែក​នៅ​ខាងក្រៅ​ផ្សារ​ទំនើប Gostiny Dvor វិញ​ដែល​ស្ថិត​ក្នុង​ទីក្រុង Saint Petersburg បាតុករ​ប្រឆាំង​សង្គ្រាម​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា ដោយ​ធ្វើការ​កាន់​ដៃ និង​ស្រែក​សូត្រ​។ បាតុករ​មួយ​ចំនួន​កាន់​បដា​ដែល​មាន​សរសេរ​ថា «​គ្មាន​សង្គ្រាម» «​ប្រជាជន​រុ​ស្សី​ទៅ​ផ្ទះ​វិញ» និង «សន្តិភាព​សម្រាប់​អ៊ុយ​ក្រែ​ន​»​។

បាតុករ​វ័យ ៣៥​ឆ្នាំ​ម្នាក់​ដែល​បាន​ចូលរួម​បាតុកម្ម​បាន​និយាយ​ថា «​វា​ជា​ការ​អាម៉ាស់​ដែល​មាន​បាតុករ​រាប់រយ​នាក់ ប្រហែល​រាប់​ពាន់​នាក់ តែ​មិនមែន​រាប់​លាន​នាក់​»។

កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ប្រធានាធិបតី​បេឡា​រុស​លោក Alexander Lukashenko បាន​ធ្វើការ​ព្រមាន​ថា ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាងលិច​កំពុង​រុញច្រាន​រុ​ស្សី​ទៅ​រក​សង្គ្រាមលោក​លើក​ទី ៣​។

សូម​បញ្ជាក់​ថា ប្រទេស​រុ​ស្សី និង​មេដឹកនាំ​រុ​ស្សី​ជា​ច្រើន​រូប​កំពុង​រង​ទណ្ឌកម្ម​ជុំ​ទិស​ពី​ប្រទេស​លោក​ខាងលិច ជុំវិញ​ការ​ឈ្លានពាន​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ចាប់តាំងពី​រុ​ស្សី​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​មក ប្រជាជន​អ៊ុយ​ក្រែ​ន​ជាង ៥០០.០០០​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ទៅ​កាន់​ប្រទេស​ជិតខាង​ដូច​ជា ប៉ូ​ឡូញ ហុង​គ្រី ស្លូ​វ៉ា​គី រ៉ូ​មា​នី និង​ម៉ុ​ល​ដា​វី​ជាដើម​។

ads banner