កម្ពុជាបានចាប់ផ្ដើមការធ្វើជំរឿនសេដ្ឋកិច្ចជាលើកទីពីរក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន
កម្ពុជា បានចាប់ផ្ដើមការធ្វើជំរឿនសេដ្ឋកិច្ចដោយចាប់ផ្ដើមពី ថ្ងៃទី១ខែមីនា ដល់ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២។ ការធ្វើជំរឿនសេដ្ឋកិច្ចក្នុងឆ្នាំ២០២២នេះ គឺជាលើកទី ២ ដែលកម្ពុជារៀបចំឡើង ហើយក៏ជាជំរឿនដែលប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ក្រសួងផែនការបានចាប់ផ្ដើម ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដោយចាប់ផ្ដើមពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ខាងមុខ សម្រាប់ការចុះសម្ភាសប្រមូលទិន្នន័យពីអង្គភាពសេដ្ឋកិច្ចទាំងអស់ទូទាំងប្រទេស។ សម្រាប់ជំរឿនសេដ្ឋកិច្ចនេះ គឺធ្វើឡើងក្នុងរយៈពេល ១០ឆ្នាំម្ដង ដូចជាជំរឿនប្រជាជនផងដែរ គ្រាន់តែក្រុមគោលដៅត្រូវសម្ភាសផ្សេងពីគ្នា។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២នេះ ជាលើកទី២ដែលកម្ពុជាធ្វើវាឡើង ហើយជំរឿននេះក៏ជាការប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលផងដែរ។
នាថ្ងៃចាប់ផ្ដើមដំបូងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ មានប្រសាសន៍ថា ការងារជំរឿនសេដ្ឋកិច្ចនេះ ជាកិច្ចការសំខាន់ដើម្បីដឹងពីកំណើនសេដ្ឋកិច្ចពិតប្រាកដ ហើយលទ្ធផលដែលទទួលបានគឺមានសារៈសខាន់ជាខ្លាំងសម្រាប់រាជរដ្ឋាភិបាលរៀបចំគោលនយោបាយ។
ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២នេះ តាមការប៉ាន់ប្រមាណ គឺមានទីតាំងត្រូវចុះសម្ភាសចំនួន ជាង ៧៤ម៉ឺនទីតាំង។ សម្រាប់ជំរឿនសេដ្ឋកិច្ចនេះ គឺសម្ភាសម្ចាស់អាជីវកម្ម សហគ្រាសធ្វើសកម្មភាពផលិតកម្ម និងសេវាកម្មទូទាំងប្រទេស ស្ថិតក្នុងវិស័យផ្នែកអាជីវកម្មរ៉ែ កម្មន្តសាល អគ្គិសនី និងឧស្ម័នផលិតទឹកស្អាតអនាម័យ និងសេវាកម្មដទៃទៀតដែលត្រូវបានកំណត់តាមចំណាត់ថ្នាក់ស្តង់ដារអន្តរជាតិ នៃវិស័យសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ ៕ ដោយ-រ៉ាវុធ











