ជប៉ុន​រួម​ដៃ​ជាមួយ​សម្ព័ន្ធមិត្ត​បង្កក​ទ្រព្យសម្បត្តិ​ធនាគារកណ្តាល​រុ​ស្សី

ប្រទេស​ជប៉ុន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៣​របស់​ពិភពលោក បាន​ចូលរួម​ជាមួយនឹង​សហ​រដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ផ្សេង​ៗ ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅ​លើ​ប្រទេស​រុ​ស្សី រួម​មានការ​បង្កក​ទ្រព្យសម្បត្តិ​របស់​មេដឹកនាំ​រុ​ស្សី និង​ស្ថាប័នហិរញ្ញវត្ថុ​ចំនួន ៣​។

មេដឹកនាំ​រុ​ស្សី​ចំនួន ៦​រូប​ដែល​រួម​មាន ប្រធានាធិបតី Vladimir Putin និង​រដ្ឋមន្ត្រី​ការ​បរទេស Sergey Lavrov ជាដើម​ត្រូវ​បាន​សហរដ្ឋអាមេរិក និង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ផ្សេង​ទៀត​ធ្វើការ​បង្កក​ទ្រព្យសម្បត្តិ ជុំវិញ​ការ​ឈ្លានពាន​របស់​រុ​ស្សី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។

ក្រៅ​ពេល​នេះ ជប៉ុន​ក៏​នឹង​បង្កក​ទ្រព្យសម្បត្តិ​ធនាគារ​រុ​ស្សី​ចំនួន ៣​ផង​ដែរ​រួម​មាន​ធនាគារ Promsvyazbank, Vnesheconombank និង​ធនាគារកណ្តាល​រុ​ស្សី​។

សូម​បញ្ជាក់​ថា រុ​ស្សី​កំពុង​រង​ទណ្ឌកម្ម​ជុំ​ទិស​ចំពោះ​ការ​ឈ្លានពាន​របស់​ខ្លួន ​លើ​ប្រទេស​ប្រជាធិបតេយ្យ ​អ៊ុយ  ​ក្រែ​ន​។ ការ​ឈ្លានពាន​របស់​រុ​ស្សី​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥​ហើយ​។

កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ប្រធានាធិបតី​បេឡា​រុស​លោក Alexander Lukashenko បាន​ធ្វើការ​ព្រមាន​ថា ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាងលិច​កំពុង​រុញច្រាន​រុ​ស្សី​ទៅ​រក​សង្គ្រាមលោក​លើក​ទី ៣​។

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន បាន​ធ្វើ​ឲ្យ​ប្រជាជន​ជន​រាប់​សែន​នាក់​ភៀសខ្លួន​ចេញពី​ការ​វា​.​យ​ប្រហារ​របស់​រុ​ស្សី​។ បើ​តាម​អង្គការសហប្រជាជាតិ គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​ម្សិលមិញ មាន​ជនភៀសខ្លួន​ជាង ៥០០.០០០​នាក់​បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ជិតខាង​ដូច​ជា ប៉ូ​ឡូញ ហុង​គ្រី ស្លា​វ៉ា​គី រ៉ូ​មា​នី និង​ម៉ុ​ល​ដា​វី​៕

ads banner