ចិន៤រូប ត្រូវចាប់ខ្លួនជុំវិញការប្រឌិតរឿង ទាសករលក់ឈាម នៅខេត្តព្រះសីហនុ
អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្តីពីការដែលប៉ូលិសកម្ពុជាបានស្រាវជ្រាវឃើញថា សំណុំរឿង «ទាសករលក់ឈាម» ថាជាការប្រឌិត ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានផ្សាយ ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ «ស្ថានទូតមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណី «ទាសករលក់ឈាម» ដែលបានផ្សាយតៗគ្នាតាមប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីបានជំរុញឱ្យប៉ូលិសកម្ពុជា បើកសំណុំរឿងនេះដោយប៉ូលិសកម្ពុជាបានចាប់ផ្តើមស៊ើបអង្កេតនៅ ថ្ងៃទី១៥ ខែកុម្ភៈមក ស្ថានទូតចិនបន្តតាមដានដំណើរការស្រាវជ្រាវ នៃសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់ ។
ហើយកាលពីថ្ងៃទី២៨ ខែកុម្ភៈនេះ ប៉ូលិសកម្ពុជាបានជូនដំណឹងទៅស្ថានទូតចិន អំពីលទ្ធផលស៊ើបអង្កេតបឋម និងបានចេញសេចក្តីប្រកាសថា សំណុំរឿងទាសករលក់ឈាម គឺជារឿងប្រឌិតសុទ្ធសាធ ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា យោងតាមរបាយការណ៍ផ្ទៃក្នុង និងសេចក្តីប្រកាសរបស់នគរបាលកម្ពុជាបានឱ្យដឹងថា លោក Li Yayuanlun ជនជាតិចិន បានចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ហើយក្រោយមកបានមានជំងឺថ្លើមធ្ងន់ធ្ងរ ហើយបានទាក់ទងសមាគមមួយ ដើម្បីសុំជំនួយ ។ ដោយគោលបំណងផ្សេងៗគ្នា មានមនុស្ស០៣នាក់បានជួយលោក Li Yayuanlun ប្រឌិតរឿងនេះឡើង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថា «គាត់ត្រូវបានឃុំខ្លួនដោយខុសច្បាប់ រំលោភបំពាន និងធ្វើបាបដូចទាសករលក់ឈាម» ទង្វើបំភ័ន្តមតិសាធារណៈនេះ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមយ៉ាងធ្ងន់ធ្ងរ ។ ដោយឡែកជំហានបន្ទាប់ពួកគេនឹងត្រូវបញ្ជូនទៅស្ថាប័នតុលាការកម្ពុជា ដើម្បីកាត់ទោស ។
អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា ៖«ស្ថានទូតរបស់យើងសូមអំពាវនាវដល់ពលរដ្ឋចិននៅកម្ពុជា គោរពតាមច្បាប់របស់ប្រទេសចិន និងកម្ពុជា ការពារសិទ្ធិរបស់ពួកគេដោយសមហេតុផល និងមិនត្រូវប្រឌិតពាក្យចចាមអារ៉ាម និងបោកបញ្ឆោតសាធារណជនឡើយ យើងសូមអំពាវនាវដល់សាធារណជនទូទៅ មេត្តាបើកភ្នែកអោយធំៗ ចេះបែងចែកខុសត្រូវ មិនត្រូវឱ្យជនខិលខូចបោកប្រើឱ្យសោះ»។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា នៅជំហានបន្ទាប់ ស្ថានទូតចិននឹងបន្តតាមដានសវនាការលើករណីនេះ និងនៅតែបន្តការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធ ក្រោមក្របខណ្ឌច្បាប់របស់ប្រទេសចិន និងកម្ពុជា ។
អ្នកនាំពាក្យរូបនេះមានប្រសាសន៍ថា ស្ថានទូតចិននឹងបន្តគាំទ្រ និងសហការជាមួយភ្នាក់ងារអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា និងបន្តពង្រឹងការបង្ក្រាបបទល្មើសបោកប្រាស់ និងបទល្មើសល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត និងបទល្មើសពាក់ព័ន្ធ ឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយពលរដ្ឋចិន និងធានាបានយ៉ាងមានប្រសិទ្ធភាពនូវសុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋចិននៅកម្ពុជា ។
សូមរម្លឹកថា ជនជាតិចិនឈ្មោះ Li Yayuanlun បានរៀបចំគម្រោងប្រឌិតព័ត៌មានក្លែងក្លាយ អំពីការបង្ខាំ.ងមនុស្សធ្វើទារុ.ណកម្ម និងធ្វើជាទាសករលក់ឈាម នៅខេត្តព្រះសីហនុ ដើម្បីជាលេសគេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជា៕

