ជ្រូកកណ្តុរចិញ្ចឹមបែបធម្មជាតិ មានរស់ជាតិឆ្ងាញ់ជាទីល្បីឈ្មោះនៅភ្នំគូលែន
ខេត្តសៀមរាប ៖ ជ្រូកកណ្តុរ ឬតំបន់ខ្លះហៅថាជ្រូកឦសាន គឺជាជ្រូកស្រុក កាត់ ជ្រូកព្រៃ ដែលគេចូលចិត្តចិញ្ចឹមលែងតាមបែបធម្មជាតិ នៅតាមព្រៃភ្នំ។ ជ្រូកប្រភេទនេះកំពុងត្រូវបានគេនិយមបរិភោគ និងស្របជាមួយទីផ្សារមានតម្រូវការខ្ពស់ បច្ចុប្បន្ននេះកសិកររស់នៅតំបន់ព្រៃភ្នំ ចាប់ផ្ដើមចិញ្ចឹមជ្រូកកណ្ដុរ សម្រាប់ធ្វើអាជីវកម្មកាន់តែច្រើនឡើង។


ជ្រូកកណ្តុរ ជាប្រភេទជ្រូកពូជរបស់ជនជាតិដើមភាគតិច។ជ្រូកប្រភេទនេះគេឃើញចិញ្ចឹមច្រើនតែកសិកររស់នៅតាមតំបន់ព្រៃភ្នំដូចជាមណ្ឌលគិរី និងពលរដ្ឋរស់នៅតាមខ្នងភ្នំគូលែន ខេត្តសៀមរាបជាដើម។ បច្ចុប្បន្នកសិករដែលរស់នៅលើខ្នងភ្នំគូលែនភាគច្រើនចិញ្ចឹមជ្រូកកណ្តុរដើម្បីយកកូនលក់សម្រាប់អាំងឬខ្វែ និងពេលខ្លះបាននាំចេញលក់ទៅតាមបណ្តាខេត្តមួយចំនួនទៀតសម្រាប់បំពេញតម្រូវការទីផ្សារ។


ពាក់ព័ន្ធក្នុងរឿងនេះលោក រ៉ុន សាម៉េត ប្រជាសហគមន៍ដែលរស់នៅលើខ្នងភ្នំគូលែន ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប គាត់បានចិញ្ចឹមមេជ្រូកកណ្តុរ ៣-៤ក្បាលដោយវាបានផ្តល់កូនសម្រាប់ទុកលក់បន្តបន្ទាប់ ។ ជ្រូករបស់គាត់ភាគច្រើនលែងតាមបែបធម្មជាតិឱ្យវាស៊ីតាមព្រៃលើភ្នំ ហើយបើលោកផ្តល់អាហារដល់វាគឺត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។


បុរសអ្នកចិញ្ចឹមជ្រូកកណ្តុរវ័យ ៣៧ឆ្នាំរូបនេះបានឱ្យដឹងថា ជ្រូកកណ្តុរសម័យមុនគេលែងវាឱ្យដើរតាមចិត្ត ហើយវាចូលព្រៃបង្កាត់ជាមួយជ្រូកព្រៃ ។ មេជ្រូកខ្លះនៅពេលលែងទៅបាត់រាប់ខែ ហើយពេលត្រឡប់មកផ្ទះវិញបាននាំកូនទាំងសំបុកក៏មានដែរ ។ ទោះបីយ៉ាងណាបច្ចុប្បន្នការលែងបែបនេះមិនសូវមានទៀតទេ ដោយសារតែពលរដ្ឋមួយភាគធំបានធ្វើចំការដែលចាំបាច់អ្នកចិញ្ចឹមខ្លះ តម្រូវដាក់ទ្រុងដើម្បីកុំឱ្យទៅបំផ្លាញផលដំណាំរបស់គេ។
លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ បានបញ្ជាក់ប្រាប់ថា ជ្រូកកណ្តុរ ជាប្រភេទសត្វងាយស្រួលចិញ្ចឹម ស៊ីចំណីធម្មជាតិដូចជាដើមចេក កន្ទក់ ឬអ្វីផ្សេងពីនេះ ហើយនៅពេលជ្រូកទម្ងន់ចាប់ពី ៦គីឡូដល់ជាង១០គីឡូក្រាម កសិករនៅសហគមន៍នេះអាចលក់ជ្រូករស់បានមួយក្បាលតម្លៃ ៤០ម៉ឺនរៀល ប៉ុន្តែបើគេទិញអាំងឬខ្វៃលោកលក់ក្នុងតម្លៃចាប់ពី ៥៥០០០០-៦០០០០០រៀល ។


ប្រធានសហគមន៍រូបនេះបានរៀបរាប់បញ្ជាក់ដែរថា បច្ចុប្បន្នជ្រូកកណ្តុរនៅលើខ្នងភ្នំគូលែនមានភាពល្បីល្បាញឈ្មោះ ហើយអ្នកទេសចរមកពីគ្រប់ទិសទីតែងចង់ភ្លក្សរស់ជាតិ ពិសេសជ្រូកកណ្តុរអាំងជ្រលក់ប្រហុកតែម្តង ។ ដោយសារតែតម្រូវការទីផ្សារខ្ពស់ ហេតុនេះពេលខ្លះការរកជ្រូកកណ្តុរសម្រាប់ផ្គត់ផ្គង់ទីផ្សារសឹងមិនគ្រប់ផង។
លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ ខេត្តសៀមរាបបានឱ្យដឹងថាអាជ្ញាធរមូលដ្ឋានតែងជំរុញឱ្យប្រជាសហគមន៍ចិញ្ចឹមសត្វ និងធ្វើកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន។សម្រាប់ជ្រូកកណ្តុរបច្ចុប្បន្ននេះ បានក្លាយជាអាហារមួយពេញនិយម ក្នុងស្រទាប់អ្នកទេសចរពីព្រោះថា ដោយសារជាប្រភេទជ្រូកពូជស្រុកកាត់ព្រៃដែលមានរស់ជាតិឆ្ងាញ់ពិសារ ។
លោក អភិបាលស្រុកបានឱ្យដឹងបន្ថែមថា មន្ទីរបរិស្ថានខេត្តសៀមរាប កន្លងមកបានផ្តល់ពូជជ្រូកកណ្តុរដល់ប្រជាសហគមន៍ចិញ្ចឹម ។ ដោយឡែកមន្ទីរកសិកម្មកម្មខេត្តក៏បានគិតគូពីការផ្តល់ជ្រូកពូជនេះដល់កសិករសំដៅធ្វើយ៉ាងណាឱ្យពូជជ្រូកកណ្តុរនៅទីនេះជាជ្រូកកណ្តុរសុទ្ធពុំមានការបន្លំ។ក្រៅពីនេះអាជ្ញាធរក៏មានការទប់ស្កាត់មិនឱ្យមានការនាំជ្រូកពីកន្លែងផ្សេងមកបន្លំលក់នៅតំបន់នេះដែលនាំឱ្យបាត់បង់នូវកេរ្តិ៍ឈ្មោះពូជជ្រូកប្រចាំតំបន់នេះផងដែរ។
គួរបញ្ជាក់ថាជ្រូកកណ្តុរសុទ្ធត្រូវបានប្រជាសហគម៍ ណែនាំដល់ក្រុមអ្នកអ្នកទេសចរនិងពលរដ្ឋកម្ពុជាដែលចង់បរិភោគ សាច់ជ្រូកប្រភេទនេះមិនត្រូវចាញ់បោកគេឡើយពីព្រោះថាជ្រូកកណ្តុរគឹជាជ្រូកងាយចំណាំណាស់ គឺមានច្រមុះស្រួច ជើងតូច ត្រចៀកតូច ៕ដោយ ៖ ម៉ាដេប៉ូ



