មន្ទីរបញ្ចកោណប្រកាសទាត់ចោលព័ត៌មាន ដែលផ្សាយថា សហរដ្ឋអាមេ៉រិកនឹងដកកងទ័ពចេញពីកូរ៉េខាងត្បូង
កូរ៉េខាងត្បូង៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្ទីរបញ្ចកោណបានចេញមុខបដិសេធការផ្សព្វផ្សាយព័ត៌មានដែលថា សហរដ្ឋអាមេ៉រិកកំពុងពិចារណាដកកងទ័ពប្រមាណ៤.០០០នាក់របស់ខ្លួនចេញពីកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូលមិនព្រមចេញថ្លៃចាយវាយតាមការស្នើសុំរបស់លោក ដូណាល់ ត្រាំ ។
ទន្ទឹមគ្នា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចូណាថាន់ ហូហ្វមែន បានលើកឡើងថា ការចុះផ្សាយព័ត៌មានបែបនេះរបស់សារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo គឺជារឿងគ្រោះថ្នាក់ និងគ្មានទំនួលខុសត្រូវ ដោយសារវាផ្អែកតែទៅលើប្រភពមិនបញ្ចេញឈ្មោះតែមួយគត់ ដូច្នេះយើងស្នើឱ្យសារព័ត៌មាននេះលុបចោលព័ត៌មាននេះជាបន្ទាន់ ។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានស្នើឱ្យកូរ៉េខាងត្បូងបង់ថ្លៃការពារបន្ថែមជាង៤.៧ពាន់លានដុល្លារ ឬស្មើនឹងអត្រា៥០០ភាគរយលើសមុនសម្រាប់ឆ្នាំ២០២០ ដើម្បីបន្តរក្សាវត្តមានកងទ័ពអាមេ៉រិកនៅលើឧបទ្វីបកូរ៉េដូចធម្មតា ៕ធ.ដ