លោក អាបេ ស៊ីនហ្សូ ក្លាយជានាយករដ្ឋមន្រ្តីកាន់តំណែងយូរជាងគេក្នុងប្រវត្តិ សាស្រ្តប្រទេសជប៉ុន

ជប៉ុន៖ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ លោក អាបេ ស៊ីនហ្សូ បានអង្គុយកៅអីនាយករដ្ឋមន្ត្រីសរុបចំនួន២.៨៨៧ថ្ងៃ ដែលធ្វើឲ្យលោកក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេរបស់ប្រទេសជប៉ុន ។ លោក អាបេ បានបំបែកកំណត់ត្រារបស់លោក តារ៉ូ កាស៊ូរ៉ា ដែលកាន់តំណែងនាយករដ្ឋមន្ត្រីចំនួន២.៨៨៦ថ្ងៃចន្លោះឆ្នាំ១៩០១ ដល់ឆ្នាំ១៩១៣ ។

នៅជប៉ុន ប្រធានបក្សកាន់អំណាចនឹងក្លាយជានាយករដ្ឋមន្ត្រីដោយស្វ័យប្រវត្តិ ដូចនេះលោក អាបេ ដែលទើបទទួលការទុកចិត្តឲ្យដឹកនាំបក្សប្រជាធិបតេយ្យដល់ឆ្នាំ២០២១ ក៏ត្រូវដឹកនាំជប៉ុនដល់ឆ្នាំ២០២១ដែរ លុះត្រាតែមានការបោះឆ្នោតថ្នាក់ជាតិមុនអាណត្តិ ឬការផ្លាស់ប្ដូរតំណែងប្រធានបក្ស ។ ប៉ុន្តែបច្ចុប្បន្ននេះ គេមិនឃើញមានគូប្រជែងណាអាចដណ្ដើមតំណែងពីលោក អាបេ បាននៅឡើយទេ ។

សម្រាប់រយៈពេលខាងមុខ លោក អាបេ ទំនងជាបន្តផ្ដល់អាទិភាពលើបញ្ហាសេដកិច្ច ការស្ដារទំនាក់ទំនងជាមួយកូរ៉េខាងជើង តាមរយៈការដោះស្រាយបញ្ហាចាប់ជំរិតជនជាតិជប៉ុន និងការរកច្រកចេញជម្លោះជាមួយរុស្ស៊ីជាដើម ។ ដោយឡែកទំនាក់ទំនងជាមួយកូរ៉េខាងត្បូងដែលសព្វថ្ងៃល្អក់កករខ្លាំងនោះ ក៏អាចជាអាទិភាពសម្រាប់រដ្ឋាភិបាលរបស់លោកផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner