ក្រសួងបរិស្ថាន និងដៃគូរៀបចំគម្រោងបង្កើតឱ្យមានសកម្មភាព កែច្នៃជីកំប៉ុស្ត នៅតាមសាលាគោលដៅមួយចំនួនក្នុង ខេត្ត ព្រះសីហនុ

ព្រះសីហនុ៖ ដើម្បីលើកកម្ពស់លើវិស័យបរិស្ថាន និងក៏ដូចជា កែប្រែ សាលារៀនឱ្យក្លាយជាពណ៌បៃតងគ្រប់រដូវកាលក្រសួងបរិស្ថាន និងដៃគូបានលើកគម្រោងបង្កើតឱ្យមានសកម្មភាពកែច្នៃជីកំប៉ុស្ត នៅតាមសាលារៀនគោលដៅមួយចំនួននៅខេត្តព្រះសីហនុ។

ក្នុងគម្រោងកម្មវិធីមួយនេះត្រូវបានក្រសួងបរិស្ថាន និងដៃគូ បើកកិច្ច ប្រជុំរួមគ្នាមួយសម្រាប់ផ្សព្វផ្សាយ និងក៏ដូចណែនាំដល់សាលារៀន គោលដៅអនុវត្តនាថ្ងៃខាងមុខ។ ពិធីនេបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា ក្នុងពិធីនេះ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំ ស្តីពីគម្រោងបង្កើតឱ្យ មាន សកម្មភាពកែច្នៃជីកំប៉ុស្ត នៅតាមសាលាគោលដៅមួយចំនួនក្នុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការទទួលបន្ទុក លោក ប៉ាក សុខារ៉ាវុត អគ្គនាយកស្តីទី និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ជាមួយតំណាងមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ និងនាយកសាលាចំនួនប្រាំ នៃខេត្តព្រះសីហនុ រួមមាន៖ ១.អនុវិទ្យាល័យ ហ៊ុន សែន មិត្តភាព ២.អនុវិទ្យាល័យក្រុងព្រះសីហនុ ៣.អនុវិទ្យាល័យព្រៃនប់ ៤.ស្ទឹងហាវ និង៥.អនុវិទ្យាល័យវាលរេញ។

ថ្លែងក្នុងពិធីនេះឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រី្តក្រសួងបរិស្ថាន មានការយកចិត្តទុក ដាក់ និងបានផ្តល់ជាមតិដឹកនាំត្រូវតែជំរុញឱ្យគម្រោងនេះអនុវត្ត បានជោគជ័យ ជាគម្រូសម្រាប់អនុវត្តសម្រាប់សាលាផ្សេងៗទៀត។

ជាមួយគ្នាឯកឧត្តម ជា ស៊ីណា បានជម្រាបជូនអង្គប្រជុំអំពី គោលបំណង និងអត្ថប្រយោជន៍នៃការធ្វើកំប៉ុស្ត ដែលមិនត្រឹម តែ ចូលរួមកិច្ចការបរិស្ថាន គឺថែមទាំងចូលរួមផ្តាល់ប្តូរផ្នត់គំនិត ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង (ការញែក ការទុកដាក់…) ដោយបញ្ជ្រាបការយល់ដឹងតាមរយៈសិស្ស។ដើម្បីឱ្យគម្រោង នេះអាចអនុវត្តបានជោគជ័យ សូមសំណូមពរឱ្យមន្ទីរអបរំ និងសាលាដែលត្រូវជ្រើសសម្រាប់អនុវត្ត ត្រូវផ្តល់កិច្ចសហការល្អ ជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដែលនឹងចុះមក ជួយ សម្របសម្រួលផ្តល់ បច្ចេកទេស។

គួរបញ្ជាក់ថាសាលាដែលជាគោលដៅសម្រាប់អនុវត្តគម្រោងត្រូវមានលក្ខណៈសម្បត្តិមួយចំនួនដូចជា៖
• ត្រូវមានទីតាំង និងទំហំសមស្រប ទៅនឹងបរិមាណសំណល់ដែលបង្កើតប្រចាំថ្ងៃ
• ត្រូវរៀបចំដាក់ធុង សំរាមទៅតាមប្រភេទសំរាម និងតម្រូវឱ្យមានការញែកសំណល់ទៅតាមប្រភេទ
• ត្រូវមានប្រភពសំណល់សរីរាង្គ (សំណល់មែកឈើ ស្មៅ និងសំណល់អាហារ….)
• គួរបង្កើតឱ្យមានកម្មវិធីកាត់បន្ថយសំណល់ប្លាស្ទិកមួយចំនួន
សម្រាប់ជាលទ្ធផលក្នុងពិធីនេះគឺតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ និងនាយកសាលាទាំង៥ បានថ្លែង អំណរគុណ ដល់ក្រសួងបរិស្ថាន និងមានចិត្តសប្បាយរីករាយ ដែលក្រសួងបរិស្ថានជួយគាំទ្រ និងត្រៀមសហការជានិច្ចដើម្បី គម្រោងនេះអនុវត្តបានជោគជ័យ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner