កងទ័ពជើងគោកបើកកិច្ចប្រជុំបូកសរុបលទ្ធស្តីពីការដាក់បញ្ចូលយោធិនអាជីពចូលសោធននិវត្តន៍សំរាប់ឆ្នាំ២០១៩ និងផែនការដាក់យោធិនចូលសោធននិវត្តន៍ឆ្នាំ២០២០

អត្ថបទដោយ៖
Kien Sereyvuth

បញ្ជាការដ្ឋានកងទ័ពជើងគោក ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដំណើរការបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដាក់បញ្ចូលយោធិនអាជីពទាំងពីរភេទ ចូលសោធននិវត្តន៍សម្រាប់ឆ្នា២០១៩ និងផែនការដាក់យោធិនឲ្យចូលសោធននិវត្តន៍សម្រាប់ឆ្នាំ២០២០ កងទ័ពជើងគោក ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយឯក ខឹម ជាសាឃឿន ជាមេបញ្ជាការរង កងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណកម្មការដោះស្រាយគោលនយោបាយយោធិនប្រភេទ២ និងយោធិនចូលនិវត្តន៍ ក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក សោម រតនា នាយក អគ្គនាយកដ្ឋានសោធន៍និវត្តន៍ ក្រសួងការពារជាតិ និងមានការចូលរួមពីសំណាក់ឯកឧត្តម អស់លោកជាមេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តមមេបញ្ជាការ យោធភូមិភាគ កងពលធំ កងពលតូច អង្គភាព ស្ថាប័នពាក់ព័ន្ធដែលមកពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃ ខ ភ ម និងនាយទាហានជាន់ខ្ពស់ចំណុះបញ្ជាការដ្ឋានជើងគោកជាច្រើនរូបទៀត ។

នៅក្នុងឪកាសនោះ អង្គប្រជុំបានដំណើរការទៅតាមកម្មវិធី ដោយបានតាមដានស្តាប់ខ្លឹមសារលើរបាយការណ៍ការងារដាក់យោធិនចូលសោធននិវត្តន៍ឆ្នាំ២០១៩ ទូទាំងកងទ័ពជើងគោកនាពេលកន្លងមក សរុបចំនួន ២៤៨១នាក់ ស្មើនឹង ៩២,០៥ ភាភរយ មាននារីសរុបចំនួន ១១១នាក់ ស្មើនឹង០៤,៤៧ភាគរយ មានឋានន្តរសក្តិចាប់ពីវរសេនីយ៍ឯកឡើងចំនួន ៣៥៨នាក់ វរសេនីយ៍ទោចុះចំនួន ២១២៣នាក់ ។

ឬឯយោធិនដែលចូលសោធននិវត្តន៍ឆ្នាំ២០១៩ ហើយបានទទួលការបំពាក់ឋានន្តរសក្តិមាន៖ ថ្នាក់ឧត្តមសេនីយ៍ឯកចំនួន ១០នាក់ ឧត្តមសេនីយ៍ទោចំនួន ៦៨នាក់ ឧត្តមសេនីយ៍ត្រីចំនួន ៨១នាក់ វរសេនីយ៍ឯកចំនួន ១៩៩នាក់ និងវរសេនីយ៍ទោចុះចំនួន ២១២៣នាក់ ។ កិច្ចប្រជុំក៏បានតាមដានស្តាប់ផែនការដាក់យោធិនអាជីព ទាំងពីរភេទដល់អាយុចូលសោធននិវត្តន៍ យោធិនបាត់បង់សមត្ថភាពការងារ និងផ្ទេរយោធិនប្រភេទ២ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០ និង យោធិនដល់អាយុចូលសោធននិវត្តន៍ត្រូវផ្ទេរ នៅឆ្នាំ២០២០។

បន្ទាប់មកអង្គសិក្ខាសាលាក៏បានតាមស្តាប់ និងការចូលរួមមតិយោបល់រិះរកចំនុចខ្លាំង ខ្សោយ បញ្ហាប្រឈមនានា និងបានធ្វើការ ពិភាក្សា ផងដែលអំពីការផ្ទេរយោធិន សោធននិវត្តន៍ចេញពីក្របខណ្ឌ័ ខភម ដើម្បីឲ្យបងប្អូនទៅរស់នៅជាជនស៊ីវិលវិញ ទទួលបាននូវភាពកក់ក្តៅ និងមានជីវភាពរស់នៅបានសមរម្យ ។

អញ្ជើញមានមតិបូសរុបក្នុងអង្គសិក្ខាសាលា ឯកឧត្តម ខឹម ជាសាឃឿន ក្នុងនាមឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា៖ ការដាក់បញ្ជូលយោធិនសោធននិវត្តន៍ កងទ័ពជើងគោកសម្រាប់ឆ្នាំ២០១៩ បានទទួលលទ្ធផលល្អប្រសើរស្របតាមតាមផែនការរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃ ខភម បានដាក់ចុះ ។ តាមរយៈលទ្ធផលវិជ្ជមានទាំងនេះបានកើតចេញពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម អស់លោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង គណៈកម្មការ អនុគណៈកម្មការ និងស្ថាប័ន  គ្រប់កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ ។

ឯកឧត្តម ខឹម ជាសាឃឿន បានបន្ថែមទៀតថា ការដាក់បញ្ចូលយោធិនអាជីពទាំងពីរភេទចូលសោធននិវត្តន៍គឺដំណើរការស្របតាមច្បាប់សោធននិវត្តន៍ក្រសួងការពារជាតិ  ក៏ដូចជាគោលនយោបាយនានាចំពោះ ខភម ស្របតាមគោលនយោបាយ (រក្សាចាស់ បង្កើនថ្មី ) និងការអនុវត្តន៍ផែនការកំណែរទម្រង់កងយោធពលខេមរភូមិន្ទ ពិសេសអនុវត្ត្តន៍គោលនយោបាយជាតិសំខាន់ៗ ក្នុងនោះការអនុវត្តន៍នយោបាយរបបសន្តិសុខសង្គម ចំពោះយោធិននៃ ខភម ក៏ដូចជាការយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយចំពោះយោធិន ពលី ពិការ មរណៈ បាត់បង់សមត្ថភាពការងារ យោធិននិវត្តន៍ ដោយគោរពដឹងគុណចំពោះគុណណូបការៈរបស់បងប្អូនចំពោះជាតិ មាតុភូមិ និងប្រជាជន ។

ឯកឧត្តម ខឹម ជាសាឃឿន ក៏ណែនាំបន្ថែមដល់គណះកម្មការ អនុគណៈកម្មការ និងក្រុមការងារតាមបណ្តាថ្នាក់ ដែលត្រូវបានបង្កើតឡើង ត្រូវធ្វើការសហការជាមួយគណៈកម្មការ និងស្ថាប័ន ផ្សេងៗទៀតត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុស ត្រូវ ឲ្យដំណើរការ ស្របតាមផែនការដាក់យោធិនទាំងពីរភេទចូលសោធននិវត្តន៍ឆ្នាំ២០២០ ឲ្យទទួលបានជោគជ័យ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner