ជំនួបសម្តែងការគួសមជាមួយធុរកិច្ចជន ថៃ ជប៉ុន និងអាលឺ្លម៉ង់ ដើមី្បជំរុញការវិនិយោគ ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នៅកម្ពុជា
នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម លី សំរឹទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យគណៈប្រតិភូធុរកិច្ចជន ថៃ ជប៉ុន និងអាលឺ្លម៉ង់ ចំនួន៥០នាក់ ដឹកនាំដោយឯកឧត្តម អ៊ូក សោភ័ណ អគ្គរាជទូតកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៏ ចូលជួបពិភាក្សា សិក្សាស្វែងយល់ ដើមី្បជំរុញការវិនិយោគ ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នៅកម្ពុជា ពិសេសនៅខេត្តសៀមរាប ។
ឯកឧត្តម លី សំរឹទ្ធ ក៏បានធ្វើការបញ្ជាក់ថា ការងារទេសចរណ៍ចិន មកកម្ពុជា តាមច្រកខេត្តឧត្តរមានជ័យ ពីខេត្តសុរិន្ទ និងបុរីរ៉ាំ នៃព្រះរាជាណាចក្រថៃ មាន២៤លាននាក់ ហើយឯកឧត្តមក៏សង្ឃឹមថានឹងមានភ្ញៀវ ចិន៥% មកកម្ពុជាក្នុងចំណោម ២៤លាននាក់នេះ ។ ឯកឧត្តមក៏បានគូស បញ្ជាក់ថា ការលើកឡើង វិស័យទេសចរណ៍គឺ ពាក់ព័ន្ធគ្រប់សារពើ គ្រប់វិស័យ ព្រមទាំងសុំឲ្យអាជ្ញាធរខេត្តលើកជាសំណូមពរ ចំពោះធុរកិច្ចជននាពេលនោះផងដែរ ។
ក្នុងនោះដែរក្រុមអ្នកជំនួញ ក៏បានផ្តោតយ៉ាងសំខាន់ទៅលើមុខរបរនៃក្រុមហ៊ុននិមួយៗ សំខាន់ក្នុងវិស័យសុខាភិបាល និង កសិកម្ម ។ ក្រុមធុរកិច្ចជន ក៏បានផ្តោតសំខាន់ផងដែរ ចំពោះវិស័យសំណង់ និងទេសចរណ៍ផងដែរ ។ ក្នុងនោះក៏មានក្រុមហ៊ុនកែច្នៃដំឡូងមីរបស់ថៃ ដែលមានអាយុកាល ៧២ឆ្នាំមកហើយ ពេលនេះក៏បានធ្វើការពង្រីកសេវាកម្មរបស់ខ្លួន បង្កើតរោងចក្រកែច្នៃដំឡូងមីនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលធ្វើឲ្យបងប្អូនប្រជាកសិករ អ្នកដាំដំណាំដំឡូងមីគ្មានការភ័យព្រួយដូចមុនទៀតហើយចំពោះទីផ្សារ ។
ក្នុងនាមឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លី សំរឹទ្ធ ក៏បានលើកឡើងអំពីសក្តានុពលរបស់ខេត្តប្រវត្តិសាស្ត្រសៀមរាប ដោយពឹងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍ ក្នុងនោះប្រជាពលរដ្ឋប្រមាណ៨០% ជាប្រជាកសិករ ។ ក្នុងនោះឯកឧត្តមក៏បានបញ្ជាក់ ពីភាពរីកចម្រើនលើវិស័យពាណិជ្ជកម្មកម្ពុជា ពិសេសនៅខេត្តសៀមរាប លើការទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយ ពាណិជ្ជកម្មក្រៅប្រទេស សំខាន់បណ្តាប្រទេសជិតខាងនឹងគ្នា តាមរយៈការបើកនូវពិព័រណ៍មុខទំនិញ ភូមិមួយផលិតផលមួយ ។ ម៉្យាងទៀតអាជ្ញាធរខេត្ត ក៏បានយកចិត្តទុកដាក់ខ្ពស់ អំពីសុខភាព អនាម័យចំណីអាហារ ដើមី្បធ្វើយ៉ាងណាធានាឲ្យបាន ចំពោះសុខភាព សុវត្ថិភាពដល់ភ្ញៀវ ក៏ដូចប្រជាពលរដ្ឋក្នុងខេត្តផងដែរ ។
ក្នុងនោះដែរក៏បានសំណូមពរដល់ឯកឧត្តមអគ្គរាជទូត សុំជួយជំរុញដល់អ្នកវិនិយោគក្រៅប្រទេស ចូលមកវិនិយោគនៅកម្ពុជា សំខាន់ខេត្តសៀមរាប ក្នុងលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ ៕ធ.ដ
ម៉ី សុខារិទ្ធ