រថយន្តម៉ាកឡិចសុីសLX570 បុករថយន្តហាយឡែនឌ័របណ្ដាលឲ្យក្រឡាប់ផ្ងារជើង រួចបើកគេចខ្លួនបាត់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ រថយន្តម៉ាក ហាយឡែនឌ័រ មួយគ្រឿងបានក្រឡាប់ផ្ងារជើងម្ខាង និងរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរ និងអ្នករួមដំណើររងរបួសស្រាល ក្រោយពីត្រូវរថយន្តម៉ាកឡិចសុីសLX570 បុកចំពីចំហៀងខាងក្រោយពេញទំហឹង កាលពីវេលាម៉ោង៣ និង០៥នាទីរំលងអាធា្រត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចប្រឡាយលូទឹកស្អុយបឹងត្របែក តាមបណ្ដោយផ្លូវ១០៥ កែងនិងផ្លូវ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមសម្ដីបុរសម្នាក់ដែលជាតៃកុងរថយន្តរងគ្រោះម៉ាកហាយឡែនឌ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BD-3208 បានប្រាប់ឲ្យដឹងថា រូបគាត់ និងមិត្តភ័ក្តម្នាក់ទៀតរួមដំណើរជាមួយ បានបើករថយន្តតាមបណ្ដោយផ្លូវ១០៥ ទិសដៅពីត្បូងមកជើងក្នុងល្បឿនល្មម ខណៈដល់ចំណុចកើតហេតុក៏បើកឆ្លងផ្លូវជិតផុតហើយ ស្រាប់តែមានរថយន្តបង្កម៉ាក ឡិចសុីសLX570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1188 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ ទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ហើយក៏បើកបុកចំផ្នែកចំហៀងខាងក្រោយរថយន្តហាយឡែនឌ័រវិលជិត៣ជុំទៅបុក និងរបាំងថ្មដាក់ឃាំងលូទឹកស្អុយបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងរងការខូចខាតយ៉ាងដំណំតែម្ដងតែមិនបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ ។

ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កម៉ាកឡិចសុីស570 បានបើកគេចចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុកស្លាកលេខមួយបន្ទះនៅកន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍បានចុះមកដល់ ព្រមទាំងធ្វើការវាស់វែងយករថយន្តរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំស្រាវជ្រាវរករថយន្តបង្កឲ្យមកដោះស្រាយតាមច្បាប់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner