ប្រធានស្ថាបនិកសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៉ី ចាត់ទុកសម្តេចតេជោ ជាវីរជនគម្រូមួយរូប ចំពោះការដឹកនាំនៅកម្ពុជា
ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯ,ឧ ហូស្សេ ឌឺ វីនេហ្សៀ (Jose de Venecia) អតីតប្រធានសភាហ្វីលីពីន និងជាប្រធានស្ថាបនិកសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៉ី (ICAPP) បានអរគុណសម្ដេចតេជោ ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិកនេះ។ ឯ,ឧ បានកោតសរសើរ ចំពោះការដឹកនាំរបស់សម្ដេច ដែលបានធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
ឯ,ឧ ហូស្សេ ក៏បានកោតសរសើរសម្តេច ដែលដឹកនាំកម្ពុជា ឲ្យមានសុខសន្តិភាព និងមានការរីកចម្រើន ធ្វើឲ្យកម្ពុជាជាប្រទេសគម្រូមួយ ដែលមានសុខសន្តិភាព មានការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី មានរដ្ឋាបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ និងក្រោមម្លប់ព្រះមហាក្សត្រតែមួយ ហើយប្រតិភូទាំងអស់បានចាត់ទុកសម្ដេច ជាវីរៈជនគំរូមួយ ចំពោះការដឹកនាំនៅកម្ពុជា។
ឯ,ឧ បានជម្រាបជូនសម្ដេចដែរថា នៅក្នុងខែវិច្ឆិកាឆ្នាំក្រោយ នឹងមានការប្រារព្ធខួប២០ឆ្នាំ របស់ ICAPP ក្នុងន័យនេះ លោកបានអញ្ជើញ សម្ដេចដែលជាស្ថាបនិក នៃការបង្រួបបង្រួមជាតិនៅកម្ពុជា ដើម្បីចូលរួមថ្លែងសន្ទរកថា ដែលធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ជាការឆ្លើយតប សម្ដេចតេជោ បានសន្យាថា នឹងអញ្ជើញទៅចូលរួម ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០នេះ ដើម្បីចូលរួមថ្លែងសន្ទរកថាគន្លឹះមួយ បង្ហាញអំពីបទពិសោធន៍ ក្នុងការដឹកនាំប្រទេសពីសង្គ្រាមហែកហួរ ពីប្រទេសខ្ទេចខ្ទាំ ដល់កម្រិតសូន្យ មកជាប្រទេសមានសុខសន្តិភាព មានការរីកចម្រើន លើគ្រប់វិស័យនាពេលសព្វថ្ងៃ៕