រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសង្កេតឃើញថាយុវជនខេត្តទាំងបីបានខិតខំធ្វើសកម្មភាពជាច្រើនដើម្បីរួមចំណែកបម្រើជាតិនិងប្រជាជន

នារសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង និងឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានក្រុមការងាររៀបចំពិធីសំណេះសំណាល បានធ្វើរបាយការណ៍ជូនដោយបានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវ័យ និងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញវិធានការប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រួមទាំងការចាក់វ៉ាក់សាំង បង្កើតបានភាពស៊ាំសហគមន៍ រហូតឈានដល់ការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច-សង្គម តាមគន្លងប្រក្រតីភាពថ្មី ទទួលបានការគាំទ្រ និងកោតសរសើរពីប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ។

សម្ដេចក្រឡាហោមក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ទស្សនទានទៅកាន់អង្គពិធី ពិសេសក្រុមការងារយុវជនទាំង៣ខេត្ត អំពីសភាពការណ៍ជាតិ និងអន្តរជាតិ។ ពាក់ព័ន្ធនឹងកិច្ចការប្រទេសជាតិ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីដំណើរការបោះឆ្នោតនៅកម្ពុជា ដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាតាមយន្តការវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពិសេសការផ្ទេរមុខងារ ធនធាន សិទ្ធិអំណាច និងការទទួលខុសត្រូវពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner